ព័ត៌មានជាតិ

សហភាពពលកម្មជាតិកម្ពុជា(NLC) តំណាងឱ្យនិយោ​ជិត ៧ម៉ឺននាក់ ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការយ៉ាងម៉ឺងម៉ាត់ របស់សម្តេចនាយករដ្ឋមន្ត្រី ក្នុងការដាក់ពាក្យបណ្តឹងជុំវិញ បញ្ហាព្រំដែនកម្ពុជា-ថៃទៅតុលាការអន្តរជាតិ ICJ

ភ្នំពេញ ៖ សហភាពពលកម្មជាតិកម្ពុជា តំណាងឱ្យកម្មករនិយោជិត ៧ម៉ឺននាក់ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ប្រកាសគាំទ្រ យ៉ាងពេញទំហឹង ចំពោះចំណាត់ការយ៉ាងម៉ឺងម៉ាត់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការនាំយកបញ្ហាព្រំដែន កម្ពុជា-ថៃនៅក្នុងតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច តាក្របី និងតំបន់មុំបីទៅកាន់តុលាការអន្តរជាតិ (ICJ) ដើម្បីឱ្យដាច់ស្រេចចំពោះជម្លោះព្រំដែនមួយនេះ។

ក្រោយការប្រកាសពីជំហរ ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ភ្លាម លោក សំ សឿន ជាប្រធានសហភាពពលកម្មជាតិកម្ពុជា ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការរបស់សម្តេចមហាបវរធិបតីហ៊ុនម៉ាណែត ក្នុងការនាំយកបញ្ហាព្រំដែនកម្ពុជា-ថៃទៅដោះស្រាយនៅតុលាការអន្តរជាតិ ICJ។

លោក សំ សឿន បានលើកឡើងថា៖ “សូមគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទាក់ទងនឹងដំណោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងថៃដោយប្រើប្រាស់យន្តការទ្វេភាគី យន្តការច្បាប់អន្តរជាតិ និងយុទ្ធសាស្ត្រការពារខ្លួនក្នុងករណីចាំបាច់”។

សម្រាប់សហជីពរូបនេះ ការដាក់ចេញនូវចំណាត់ការយ៉ាងម៉ឺងម៉ាត់ របស់សម្តេចនាយករដ្ឋមន្ត្រីក្នុងការនាំយកបញ្ហាព្រំដែនកម្ពុជា-ថៃទៅតុលាការអន្តរជាតិ គឺជាចំណាត់ការដែលប្រកបដោយភាពចាស់ទុំខាងនយោបាយ នៃអ្នកដឹកនាំកម្ពុជា ដោយគិតបានវែងឆ្ងាយ និងរក្សានូវភាពអត់ធ្មត់។

ជាមួយគ្នានេះដែរ លោក សំ សឿន ក៏សូមអំពាវនាវ ដល់ប្រជាជនខ្មែរគ្រប់រូបឱ្យរក្សាភាពស្ងៀមស្ងាត់និង បន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការការពារអធិបតីជាតិ បូរណភាពទឹកដី ដោយមិនត្រូវរុញច្រានប្រទេសឱ្យធ្លាក់ក្នុងជម្លោះប្រដាប់អាវុធ ឬសង្គ្រាមតាមពួកជ្រុលនិយម ដែលតែងតែបញ្ឆេះកំហឹងជាតិសាសន៍ និងអំពើហិង្សា ដោយយើងត្រូវការពារទឹកដី របស់យើងដោយផ្អែកលើច្បាប់ និងការទទួលស្គាល់ជាអន្តរជាតិ។

គួរបញ្ជាក់ផងដែរថា ការលើកឡើងរបស់សហជីពដូច្នេះ គឺក្រោយពេល ដែលសម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញជំហរក្នុងការនាំយកបញ្ហាព្រំដែនកម្ពុជា-ថៃ នៅក្នុងតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅដោះស្រាយនៅក្នុងតុលាការអន្តរជាតិ ICJ ៕

To Top