ភ្នំពេញ ៖ សហភាពសហជីព រក្សាសិទ្ធិកម្មករកម្ពុជា-CWPUC តំណាងឱ្យសមាជិកជាង ៤ម៉ឺននាក់ ចេញញត្តិគាំទ្រ ចំពោះចំណាត់ការយ៉ាងម៉ឺងម៉ាត់ របស់សម្តេចនាយករដ្ឋមន្ត្រីដែល នឹងដាក់ពាក្យបណ្តឹងជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃក្នុងតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបីទៅកាន់តុលាការអន្តរជាតិ ICJ ដើម្បីដោះស្រាយឱ្យដាច់ស្រឡះនូវបញ្ហាព្រំដែនជាមួយភាគីថៃ។
យោងតាមញត្តិគាំទ្រ របស់សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា-CWPUC បានបង្ហាញពីជំហរក្នុងការគាំទ្រ យ៉ាងពេញទំហឹង ចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហាព្រំដែននេះ ដោយប្រើប្រាស់យន្តការ ទ្វេភាគី៖”សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទាក់ទងនឹងដំណោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ដោយប្រើប្រាស់យន្តការទ្វេភាគី យន្តការច្បាប់អន្តរជាតិ និងយុទ្ធសាស្ត្រការពារខ្លួនក្នុងករណីចាំបាច់”។
ចំពោះសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា-CWPUC ចំណាត់ការរបស់ប្រមុខរដ្ឋាភិបាល គឺជាចំណាត់ការប្រកបដោយភាពចាស់ទុំខាងនយោបាយ នៃអ្នកដឹកនាំកម្ពុជា ដោយបានគិតគូរវែងឆ្ងាយ និងរក្សានូវភាពអត់ធ្មត់ខ្ពស់។
ជាមួយគ្នានេះ សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា-CWPUC ក៏សូមអំពាវនាវដល់បងប្អូនប្រជាជនកម្ពុជារក្សានូវភាពស្ងៀមស្ងាត់ ជឿទុកចិត្តលើចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការការពារនូវអធិបតេយ្យជាតិ បូរណភាពទឹកដី ដោយមិនត្រូវរុញច្រានប្រទេសឱ្យធ្លាក់ក្នុងជម្លោះប្រដាប់អាវុធ ឬសង្គ្រាម តាមពួកជ្រុលនិយម យើងត្រូវតែការពារទឹកដីរបស់យើង ដោយផ្អែកលើច្បាប់ និងការទទួលស្គាល់ជាអន្តរជាតិ។
គួរបញ្ជាក់ផងដែរថា ការចេញញត្តិគាំទ្រនាពេលនេះ គឺធ្វើឡើងបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងពីជំហរដ៏ម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ តាមរយៈការប្តឹងទៅតុលាការអន្តរជាតិ ICJ នៅក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ដែលបានធ្វើនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា៕


