ភ្នំពេញ៖ តបតាមសំណើរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត និងដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្ដីការ គ.ជ.ប លោក ហ៊ឺ រ៉ុង អគ្គលេខាធិការរង គ.ជ.ប និងជានាយកខុទ្ទកាល័យលោកប្រធាន គ.ជ.ប បានដឹកនាំមន្ត្រីជាន់ខ្ពស់ គ.ជ.ប ទទួលជួបគណៈប្រតិភូដឹកនាំដោយលោក ដូមីងហ្គូស បារ៉េតូ (DOMINGOS Barreto) អនុប្រធាន គ.ជ.ប នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ដើម្បីពិភាក្សាការងារ និងផ្លាស់ប្ដូរបទពិសោធន៍ជុំវិញការរៀបចំការបោះឆ្នោតនៅកម្ពុជា។
ជាកិច្ចចាប់ផ្ដើម ភាគីទាំងពីរបានមានមតិស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគ្នាទៅវិញទៅមក។ មុននឹងចែករំលែកអំពីការងារបោះឆ្នោត លោក ហ៊ឺ រ៉ុង បានមានប្រសាសន៍អបអរសាទរ ដែលសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ត្រូវបានបញ្ចូលជាសមាជិកពេញសិទ្ធិអាស៊ានទី១១ នៅកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ នាខែតុលា ឆ្នាំ២០២៥។
បន្ទាប់មក លោក ហ៊ឺ រ៉ុង បានជម្រាបជូនគណៈប្រតិភូ គ.ជ.ប នៃប្រទេសទីម័រខាងកើត អំពីប្រវត្តិនៃការរៀបចំការបោះឆ្នោត និងការងារបោះឆ្នោតនៅកម្ពុជា។ លោកបានមានប្រសាសន៍ថា នៅឆ្នាំ១៩៩៣ កម្ពុជា មានការបោះឆ្នោតសភាធម្មនុញ្ញ ដែលរៀបចំឡើងដោយអាជ្ញាធរបណ្ដោះអាសន្ន នៃអង្គការសហប្រជាជាតិនៅកម្ពុជា (UNTAC) ហើយចាប់តាំងពីឆ្នាំ១៩៩៨ កម្ពុជា រៀបចំការបោះឆ្នោតដោយខ្លួនឯង ដែលមកទល់នឹងពេលនេះ បានរៀបចំការបោះឆ្នោតសកលសរុបចំនួន ១១លើក និងការបោះឆ្នោតអសកល សរុបចំនួន ៨លើក។
លោកបានមានប្រសាសន៍បន្ថែមថា ចាប់តាំងពីឆ្នាំ១៩៩៨ មក ការបោះឆ្នោតក៏ដូចជាការចុះឈ្មោះបោះឆ្នោតត្រូវបានកែលម្អ និងកែទម្រង់ជាបន្តបន្ទាប់ទាំងក្របខណ្ឌច្បាប់ ក្របខណ្ឌស្ថាប័ន និងការគ្រប់គ្រង និងក្របខណ្ឌបច្ចេកទេស ហើយចាប់ពីឆ្នាំ២០១៥ កម្ពុជា បានធ្វើការកែទម្រង់ការបោះឆ្នោតយ៉ាងស៊ីជម្រៅ ដោយបានដាក់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅក្នុងរដ្ឋធម្មនុញ្ញ និងបានរៀបចំបញ្ជីបោះឆ្នោតថ្មីនៅឆ្នាំ២០១៦ ដោយប្ដូរពីការចុះឈ្មោះដោយដៃ ទៅជាការចុះឈ្មោះតាមប្រព័ន្ធកុំព្យូទ័រ និងមានបញ្ចូលទិន្នន័យជីវមាត្រ (រូបថត និងស្នាមម្រាមដៃ) សម្រាប់ដៅសម្គាល់អត្តសញ្ញាណ ដែលមានតែមួយគត់សម្រាប់អ្នកបោះឆ្នោតម្នាក់ៗ។
លោកក៏បានជម្រាបជូនអំពីការធ្វើទំនើបកម្ម ក្នុងដំណើរការរៀបចំការបោះឆ្នោត ដោយកន្លងមក គ.ជ.ប បានដាក់ឱ្យប្រើប្រាស់កម្មវិធីគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ គ្រប់គ្រងទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោត កម្មវិធីគ្រប់គ្រងការចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ កម្មវិធីគ្រប់គ្រងការចេញឯកសារ បញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោត និងការបែងចែកអាសនៈ និងកម្មវិធីគ្រប់គ្រងសំណុំរឿង និងរបាយការណ៍ពាក់ព័ន្ធនឹងពាក្យបណ្ដឹង។
លោកគូសបញ្ជាក់បន្ថែមថា ការធ្វើទំនើបកម្មនេះ ជាជំនួយដល់ការងារបោះឆ្នោត និងបង្កើនតម្លាភាព និងទំនុកចិត្តលើការបោះឆ្នោត។
លោក ហ៊ឺ រ៉ុង ក៏បានជម្រាបជូនដល់គណៈប្រតិភូ គ.ជ.ប ទីម័រខាងកើត អំពីដំណាក់កាលសំខាន់ៗទាំង ៤ នៃដំណើរការរៀបចំការបោះឆ្នោត យន្តការនៃការទទួល និងការដោះស្រាយពាក្យបណ្ដឹងក្នុងដំណើរការបោះឆ្នោត ព្រមទាំងការងារផ្សេងទៀត រួមមាន ការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ការបណ្ដុះបណ្ដាល អប់រំ និងផ្សព្វផ្សាយដល់អ្នកបោះឆ្នោត និងភាគីពាក់ព័ន្ធ និងការទំនាក់ទំនងជាតិ-អន្តរជាតិ។
បន្ទាប់មកពីបានស្តាប់ប្រសាសន៍របស់ភាគី គ.ជ.ប កម្ពុជា ដែលបានលើកឡើងយ៉ាងក្បោះក្បាយ អំពីការបោះឆ្នោតនៅកម្ពុជា ភាគី គ.ជ.ប ទីម័រខាងកើត បានលើកឡើងអំពីគោលដៅរបស់ខ្លួន ក្នុងការរៀបចំការបោះឆ្នោតនៅប្រទេសទីម័រខាងកើត ឱ្យមានភាពល្អប្រសើរជាលំដាប់ ហេតុនេះហើយ គ.ជ.ប ទីម័រខាងកើត តែងតែស្វះស្វែងរកការផ្លាស់ប្ដូរបទពិសោធន៍ និងរៀនសូត្រពីបណ្ដាប្រទេសដទៃទៀត ក្នុងនោះមានប្រទេសកម្ពុជា ជាដើម។ ភាគី គ.ជ.ប នៃប្រទេសទីម័រខាងកើត មានចម្ងល់ និងបានលើកសំណួរមួយចំនួន ដើម្បីទទួលបានបទពិសោធន៍ និងការអនុវត្តល្អៗពី គ.ជ.ប កម្ពុជា ក្នុងនោះរួមមាន៖ តើធ្វើដូចម្ដេចដើម្បីរក្សា ចំនួនអ្នកចេញទៅបោះឆ្នោតឱ្យបានក្នុងអត្រាខ្ពស់។ ការដោះស្រាយបញ្ហាប្រឈមនានា ក្នុងដំណើរការបោះឆ្នោត ជាពិសេសគឺការបង្កើនជំនឿចិត្តពីគណបក្សនយោបាយ។ ការកំណត់កូតាស្រ្តីនៅក្នុងរដ្ឋសភា ។
ចំពោះអត្រាអ្នកចេញទៅបោះឆ្នោត ភាគី គ.ជ.ប កម្ពុជា បានឆ្លើយតបថា គ.ជ.ប បានប្រើគ្រប់មធ្យោបាយដើម្បីផ្សព្វផ្សាយ ទៅដល់ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធ រួមមាន ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរ គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយជាដើម ឱ្យផ្សព្វផ្សាយបន្ត ដើម្បីឱ្យប្រជាពលរដ្ឋបានជ្រួតជ្រាប និងអញ្ជើញទៅបោះឆ្នោត។ ក្នុងនោះ គ.ជ.ប ក៏បានបោះពុម្ពបណ្ណព័ត៌មានអ្នកបោះឆ្នោត ដើម្បីចែកជូនប្រជាពលរដ្ឋតាមភូមិក្នុងឃុំ សង្កាត់ផងដែរ។
ចំពោះការដោះស្រាយបញ្ហាប្រឈមនានា និងការជឿទុកចិត្តពីគណបក្សនយោបាយ ភាគី គ.ជ.ប កម្ពុជា បានឆ្លើយតបថា គ.ជ.ប ដោះស្រាយបញ្ហាដោយផ្អែកតាមច្បាប់ នៅគ្រប់ដំណាក់កាលនៃការបោះឆ្នោត ហើយនៅក្នុងដំណើរការបោះឆ្នោត គឺមានយន្តការនៃការទទួល និងដោះស្រាយពាក្យបណ្ដឹង ដើម្បីឱ្យគណបក្សនយោបាយ និងអ្នកពាក់ព័ន្ធ ដែលមានកង្វល់ ឬភាពមន្ទិលផ្សេងៗ ពាក់ព័ន្ធការបោះឆ្នោត អាចធ្វើការប្ដឹងបាន តាមការកំណត់នៃច្បាប់ បទបញ្ជា និងនីតិវិធី។ ទន្ទឹងនឹងនេះ ក្នុងការរៀបចំបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត គ.ជ.ប បានបញ្ជូនសេចក្ដីព្រាងបទបញ្ជា និងនីតិវិធី ទៅដល់ស្ថាប័នពាក់ព័ន្ធ គណបក្សនយោបាយ ដើម្បីផ្ដល់អនុសាសន៍ និងមតិយោបល់លើបទបញ្ជា និងនីតិវិធី ដើម្បីឱ្យ គ.ជ.ប ពិនិត្យ និងកែលម្អ មុននឹងសម្រេចដាក់ឱ្យប្រើប្រាស់។ ក្រៅពីនោះ គ.ជ.ប ក៏មានកម្មវិធីកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ទាំងនៅថ្នាក់រាជធានី ខេត្ត និងថ្នាក់ គ.ជ.ប ដែលអាចឱ្យភាគីពាក់ព័ន្ធទាំងអស់លើកឡើងនូវមតិយោបល់ផ្សេងៗពាក់ព័ន្ធនឹងការបោះឆ្នោត និងរួមគ្នារកដំណោះស្រាយចំពោះបញ្ហាដែលជួបប្រទះ។
ចំពោះការកំណត់កូតាស្រ្តីក្នុងរដ្ឋសភា ភាគី គ.ជ.ប កម្ពុជា បានជម្រាបជូនថា នៅកម្ពុជា ច្បាប់មិនបានកំណត់អំពីកូតានេះទេ។ គណបក្សនយោបាយ ដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត អាចដាក់បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ដែលមានសមាសភាពជាស្រ្តី តាមចំនួនដែលខ្លួនចង់ដាក់។
ភាគី គ.ជ.ប ទីម័រខាងកើត ក៏បានចោទសួរអំពីការងារមួយចំនួនទៀតផងដែរ ដូចជា តួនាទីរបស់សារព័ត៌មានក្នុងដំណើរការបោះឆ្នោត ការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋនៅទីដាច់ស្រយាល អាយុដែលច្បាប់កំណត់ឱ្យមានសិទ្ធិបោះឆ្នោត ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបេក្ខជនឈរឈ្មោះ ដែលសំណួរទាំងនេះត្រូវបាន ភាគី គ.ជ.ប ជម្រាបជូនតាមចំណុចនីមួយៗ ផ្អែកតាមច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធី និងឯកសារគតិយុត្តជាធរមាន។
នាឱកាសនោះ គ.ជ.ប កម្ពុជា ក៏បានអញ្ជើញ គ.ជ.ប នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ចូលរួមសង្កេតការណ៍ក្នុងការបោះឆ្នោត នាពេលខាងមុខជាបន្តបន្ទាប់ និងបានអញ្ជើញតំណាងស្ថានទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ដែលរៀបចំឡើងនៅទីស្ដីការ គ.ជ.ប តាមកាលកំណត់។
មុននឹងបញ្ចប់ជំនួបពិភាក្សា ភាគីទាំងពីរបានថ្លែងអំណរគុណ ចំពោះគ្នាទៅវិញទៅមកចំពោះការចំណាយពេលវេលា ដើម្បីជួបពិភាក្សាការងារ។ ជំនួបពិភាក្សាការងារនេះ បានប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា និងស្និទ្ធស្នាល៕








