ព័ត៌មានជាតិ

រាជរដ្ឋាភិបាល នឹងរៀបចំទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ក្រោមប្រធានបទ «ការអប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ខាងមុខ

ភ្នំពេញ៖ រាជរដ្ឋាភិបាល នឹងរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ក្រោមប្រធានបទ «ការអប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ នៅទូទាំងប្រទេស។

ការប្រារព្ធទិវាជាតិអប់រំបណ្តុះ បណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ គឺស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលបានកំណត់យកអាទិភាពគន្លឹះទី១ គឺមនុស្ស ដោយបានផ្តោតសំខាន់ លើការកសាងនិងអភិវឌ្ឍ មូលធនមនុស្សប្រកបដោយគុណភាព សមត្ថភាព ជំនាញវិជ្ជាជីវៈច្បាស់លាស់ គំនិតច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ ដើម្បីសម្រេចឱ្យបាននូវគោលដៅ «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត»។

យោងតាមសារាចរស្តីពីការរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំនូវអនុសាសន៍ មួយចំនួនដើម្បីឱ្យការរៀបចំទិវាជាតិនេះប្រព្រឹត្តទៅដោយរលូនប្រកបដោយភាពអធិកអធម ក្នុងនោះរួមមាន៖

១. ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈត្រូវទទួលបន្ទុករៀបចំទិវាជាតិនេះ និងត្រូវផលិតជាវីដេអូនិង ខ្លឹមសារឯកសារផ្សេងៗ ដោយសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី-ខេត្ត អង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍ និងវិស័យឯកជន ដើម្បីផ្សព្វផ្សាយ ឱ្យបានទូលំទូលាយនៅទូទាំងប្រទេស។

២. ក្រសួង-ស្ថាប័នពាក់ព័ន្ធនានាត្រូវចូលរួមសហការគាំទ្រនិងផ្សព្វផ្សាយតាមគ្រប់មធ្យោបាយ ដើម្បីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ តាមអង្គភាពរៀងៗខ្លួន។

៣. រដ្ឋបាលរាជធានីភ្នំពេញ ត្រូវចូលរួម សហការនិងគាំទ្រដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផ្សព្វផ្សាយ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥នេះ ឱ្យកាន់តែផុលផុស និងតាមគ្រប់មធ្យោបាយ ដូចជា ការការពារសន្តិសុខសណ្តាប់ធ្នាប់ និងការចងបដាពាក្យ ស្លោកនៅតាមទីសាធារណៈក្នុងដែនដីរបស់ខ្លួន។

៤. រដ្ឋបាលខេត្តនីមួយៗត្រូវរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ដោយមានការចូលរួមពីមន្ទីរការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ គ្រឹះស្ថានអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈសាធារណៈនិងឯកជន និងអង្គការ សមាគម ដែលស្ថិតក្នុងដែនដីរបស់ខ្លួន។ ទន្ទឹមនឹងនេះ ត្រូវមានចលនាលើកទឹកចិត្តឱ្យមានការចូលរួមពីវិស័យឯកជន ក្រុមហ៊ុន រោងចក្រ សហគ្រាស និងគ្រឹះស្ថាននានាផងដែរ។

៥. ក្រសួងព័ត៌មានត្រូវណែនាំប្រព័ន្ធឃោសនារបស់រដ្ឋ ឯកជន និងបណ្តាញសារព័ត៌មានសង្គមនានា រួមមាន៖ វិទ្យុ ទូរទស្សន៍ កាសែត និងមធ្យោបាយផ្សព្វផ្សាយផ្សេងទៀតឱ្យផ្សព្វផ្សាយសារាចរ សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា វីដេអូនិងខ្លឹមសារឯកសារផ្សេងៗក្នុងឱកាសប្រារព្ធទិវាជាតិនេះ។

ពិសេសជាងនេះ ក្រសួង-ស្ថាប័ន អង្គភាព ពាក់ព័ន្ធនានា រដ្ឋបាលរាជធានី -ខេត្តត្រូវរៀបចំចង បដាពាក្យស្លោកនៅ តាមអង្គភាព និងទីសាធារណៈ តាមខ្លឹមសារដូចខាងក្រោម៖

  • អបអរសាទរទិវាជាតិ អប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥!
  • TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន!
  • សម្តេចធិបតី ផ្តល់ឱកាសថ្មីលើវិថី TVET!
  • សម្តេចធិបតី ជាក្តីសង្ឃឹមរបស់យុវជនគ្រប់រូប!
  • TVET ជាស្ពានចម្លងយុវជនឱ្យឆាប់ទទួលបានការងារសមរម្យ!
  • TVET ដើម្បីនិរន្តរភាពការងារនិងកំណើនសេដ្ឋកិច្ចជាតិ!
  • TVET បង្កើនផលិតភាពការងារនិងភាពប្រកួតប្រជែងខ្ពស់!
  • TVET រៀនពេលខ្លី ងាយរកការងារធ្វើនិងមានចំណូលជាប្រចាំ!
  • TVET ផ្តល់ឱកាសសម្រាប់ការសិក្សាពេញមួយជីវិត!
  • TVET ជំនាញពិត ជីវិតប្រសើរ!
  • ប្រជាពលរដ្ឋម្នាក់មាន ជំនាញមួយយ៉ាងតិចប្រចាំជីវិត!
  • លើកទឹកចិត្តស្ត្រីនិងជនជាតិដើមភាគតិច ចូលរៀនជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ!៕
To Top