ព័ត៌មានជាតិ

កម្ពុជា ត្រៀមខ្លួនរួចជាស្រេច ធ្វើការជាមួយសហគមន៍អន្តរជាតិ ដើម្បីជំរុញសកម្មភាព ទប់ស្កាត់ការ ប្រែប្រួលអាកាសធាតុ

ភ្នំពេញ ៖ កម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការជាមួយសហគមន៍អន្តរជាតិ ដើម្បីជំរុញសកម្មភាពទប់ស្កាត់ ការប្រែប្រួលអាកាសធាតុ លើកកម្ពស់កិច្ចគាំពារបរិស្ថាន និងធានាឱ្យបាន នូវភាពជោគជ័យរបស់ COP30 សម្រាប់អនាគតប្រកបដោយចីរភាព។

នេះជាការលើកឡើងរបស់ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាឱកាសអញ្ជើញធ្វើមាតុភូមិនិវត្តន៍ ប្រកបដោយសុវត្តិភាព នាយប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ បន្ទាប់ពីបានអញ្ជើញចូលរួមសន្និសីទអន្តរជាតិកម្រិតខ្ពស់ស្តីពី «ការអភិរក្សផ្ទាំងទឹកកក» (Glacier Preservation) នៅប្រទេសឌូស្ហាន់បេ ប្រទេសតាហ៊្សីគីស្ថាន។

អញ្ជើញចូលរួមធ្វើសេចក្ដីថ្លែងការណ៍ តំណាងរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចប្រជុំពេញអង្គសន្និសីទអន្តរជាតិកម្រិតខ្ពស់ស្តីពី «ការអភិរក្សផ្ទាំងទឹកកក» លោករដ្ឋមន្រ្តី អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា កម្ពុជាបានបញ្ជាក់អំពីការប្តេជ្ញាចិត្តក្នុងការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីការប្រែប្រួលអាកាសធាតុ ដោយបានកំណត់ក្នុងផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ (NDC) ក្នុងគោលដៅជាប្រទេសអព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០។

លោក រដ្ឋមន្ដ្រី បន្ដថា ការរួមបញ្ចូលក្នុងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន នូវសកម្មភាពអាទិភាពក្នុងការកាត់បន្ថយនូវការបំភាយឧស្ម័នក្នុងវិស័យថាមពល ឧស្សាហកម្ម កសិកម្ម ព្រៃឈើ និងសំណល់ ។ ប្តេជ្ញាពង្រឹងតួនាទីរបស់ខ្លួន ក្នុងការអភិរក្សផ្ទាំងទឹកកក ដោយអំពាវនាវឱ្យប្រទេសអភិវឌ្ឍន៍ និងស្ថាប័នហិរញ្ញវត្ថុគាំទ្រ គម្រោងអភិរក្សប្រកបដោយភាពច្នៃប្រឌិត និងការចែករំលែកបច្ចេកវិទ្យា ក្នុងការត្រួតពិនិត្យផ្ទាំងទឹកកក និងប្រព័ន្ធព្រមានជាមុន។

ជាបន្តបន្ទាប់ នៅក្នុងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ លោក បានធ្វើសេចក្ដីថ្លែងការណ៍ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចប្រជុំតុមូលថ្នាក់ដឹកនាំ (Leaders’ Round table) សន្និសីទអន្តរជាតិ កម្រិតខ្ពស់ស្តីពី «ការអភិរក្សផ្ទាំងទឹកកក» ឆ្នាំនេះ ដោយផ្តោតលើការផ្ដល់ធាតុចូល ពាក់ព័ន្ធការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅ មុនកិច្ចប្រជុំលើកទី ៣០ រដ្ឋភាគីអនុសញ្ញាអង្គកាសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសជាតិ COP30 ដោយបានគូសបញ្ជាក់ថា កម្ពុជាគាំទ្រយ៉ាងពេញទំហឹងនូវការពិគ្រោះយោបល់ “ផែនទីផ្លូវបាគូទៅប៊ែលឹម (Roadmap Baku to Belem) ដល់ ១,៣ពាន់ពាន់លាន” ក្នុងគោលបំណងពង្រីកហិរញ្ញវត្ថុអាកាសធាតុ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសតាមរយៈជំនួយឥតសំណង ដើម្បីគាំទ្រដល់ការ អភិវឌ្ឍន៍ការបំភាយឧស្ម័នទាប និងធន់នឹងអាកាសធាតុ ៕

To Top