ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ​ ប្រកាសគាំទ្រពេញទំហឹង ចំពោះចំណាត់ការរបស់សម្ដេចធិបតី លើបញ្ហាព្រំដែនជាមួយថៃ ទាំងការប្ដឹងទៅតុលាការអន្ដរជាតិ និងការប្រើប្រាស់កម្លាំងការពារខ្លួន

ភ្នំពេញ ៖ យោងតាមញត្តិគាំទ្រ របស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងនាមក្រុមប្រឹក្សារាជធានីភ្នំពេញ គណៈអភិបាលរាជធានីភ្នំពេញ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងក្នុងនាមប្រជាពលរដ្ឋទាំងអស់ ក្នុងរាជធានីភ្នំពេញ សូមប្រកាសគាំទ្រយ៉ាង ពេញទំហឹងលើយន្តការដោះស្រាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការអនុម័តគាំទ្រ លើសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាល ក្នុងអង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា ក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការដោះស្រាយបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី តាមផ្លូវច្បាប់ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងបន្តប្រើប្រាស់ឱ្យអស់លទ្ធភាព នូវយន្តការទ្វេភាគីដែលមានស្រាប់ រួមមាន គណៈកម្មការចម្រុះព្រំដែន (JBC) និងគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដើម្បីរក្សា និងកសាងព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ជាប្រយោជន៍សម្រាប់ប្រទេស និងប្រជាជនទាំងពីរ ។

ការដាក់ចេញនូវយន្តការដោះស្រាយនេះ គឺជាឆន្ទៈរួមរបស់ប្រជាពលរដ្ឋ និងជាផែនការយុទ្ធសាស្ត្រប្រកបដោយគតិបណ្ឌិ ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយ បញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការការទូត និងច្បាប់អន្តរជាតិ ប្រកបដោយភាពចាស់ទុំ ត្រូវពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែង ក្នុងកិច្ចការការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។

ទន្ទឹមនឹងនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានសម្តែងនូវការគោរពចំពោះ អនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាអតីតនាយករដ្ឋមន្ត្រី ដ៏អង់អាចឈ្លាសវៃ ដែលបានគាំទ្រ ចំណាត់ការរបស់រាជរដ្ឋាភិបាល និងបានផ្តល់នូវអនុសាសន៍ ជូនរាជរដ្ឋាភិបាល ប្រកបដោយភាពចាស់ទុំ និងមុតស្រួចបំផុត ទាំងខាងនយោបាយ ការទូត និងយោធា ដែលធ្វើឱ្យប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស មានទំនុកចិត្តខ្ពស់ អស់ក្តីព្រួយបារម្ភ និងរស់នៅប្រកបដោយភាពកក់ក្តៅបំផុត។

ជាថ្មីម្តងទៀត ក្នុងនាមក្រុមប្រឹក្សារាជធានីភ្នំពេញ គណៈអភិបាលរាជធានីភ្នំពេញ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ និងក្នុងនាមប្រជាពលរដ្ឋទាំងអស់ ក្នុងរាជធានីភ្នំពេញ សូមប្រកាសគាំទ្រយ៉ាងឱឡារិក ចំពោះយន្តការដោះស្រាយដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏ដូចជាការអនុម័តគាំទ្រ លើសេចក្តីថ្លែងការណ៍ក្នុងអង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា ក្នុងការ ធានាបាននូវសុខសន្តិភាព ស្ថេរភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ តាមបណ្តោយបន្ទាត់ព្រំដែន ឱ្យកាន់តែប្រសើរឡើង សំដៅធានាបាននូវអធិបតេយ្យជាតិ បូរណភាពទឹកដី និងព្រំដែនច្បាស់លាស់ និងសូមប្តេជ្ញាចូលរួមគាំទ្រយ៉ាងពេញទំហឹង ចំពោះយន្តការដោះស្រាយដ៏ខ្ពង់ខ្ពស់បំផុតនេះ៖ ឱ្យបានម៉ឺងម៉ាត់បំផុត និងឥតងាករេ៕

To Top