ព័ត៌មានជាតិ

សម្តេចតេជោ រំលឹកពាក្យស្លោ “សម្តេចទៅជិត ទឹកពេញប្រឡាយ សម្តេចទៅឆ្ងាយ ប្រឡាយអត់ទឹក”

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អមដោយការរំលឹកពីអតីតកាល ដែលសម្តេច និងក្រុមមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត បានចុះជួយអន្តរាគមន៍ស្រូវ របស់ប្រជាកសិកររហូតបានទទួលទិន្នផលល្អ គួរឲ្យកត់សម្គាល់ផងនោះ ក៏រំលឹកអំពីពាក្យស្លោកមួយឃ្លាដែរថា “សម្តេចទៅជិតទឹកពេញប្រឡាយ សម្តេចទៅឆ្ងាយប្រឡាយអត់ទឹក” ។

ការគាស់រំលឹកអំពីការចុះសង្រ្គោះស្រូវ របស់កសិករនេះ ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ អញ្ជើញបន្តដឹកនាំអង្គសមាជ បន្តពិភាក្សាលើរបៀបរវារៈ ប្រធានបទទី៣ ស្ដីពីវិស័យកសិកម្ម នាថ្ងៃ៣ មិថុនា ។

សម្តេចតេជោបានមានប្រសាសន៍ថា កាលពីឆ្នាំ១៩៨៧ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវគោលនយោបាយចំនួន៤ សម្រាប់វិស័យកសិកម្មរួមមាន ៖ ផ្លូវ ទឹក ភ្លើង និងមនុស្ស ។

សម្តេចតេជោគូសបញ្ជាក់ថា “ខ្ញុំនៅចាំណារឿង ដែលខ្ញុំវិលត្រឡប់មកវិញតិច សាកល្បងនៅក្រាំងយ៉ូវ ជាមួយឯកឧត្តម លឹម គានហោ ជាមួយឯកឧត្តម គន់ គីម ជាមួយឯកឧត្តមទេព ងន សាកល្បងនៅក្រាំងយ៉ូវពេលចុះសិក្សាដំបូង គឺពេលនុងប្រជាពលរដ្ឋម្នាក់មានស្រូវត្រឹមតែ១៨២គីឡូ ប៉ុន្តែ២ឆ្នាំក្រោយគឺឡើងទៅដល់ជាង៤០០គីឡូ”។
សម្តេចតេជោបានមានប្រសាសន៍អះអាងថា ការកើនឡើងនូវចំនូនទិន្នផលស្រូវ ដោយសារបានបញ្ចេញម៉ាស៊ីនបូមទឹក កសាងទ្វារទឹក និងរៀបចំប្រព័ន្ធស្រោចស្រព សម្រាប់ដាក់បង្ហូរទឹកបញ្ចូលស្រែរបស់កសិករ ។

ជាមួយគ្នានេះដែរ សម្តេចតេជោក៏បានរំលឹកពីពាក្យស្លោកមួយឃ្លា ដែលកសិករម្នាក់បានលើកឡើងថា “សម្តេចទៅជិតទឹកពេញប្រឡាយ សម្តេចទៅឆ្ងាយប្រឡាយអត់ទឹក” ។ ចំពោះពាក្យមួយឃ្លាននេះ ដើម្បីចង់ដឹងច្បាស់ សម្តេចតេជោ ក៏បានលបចុះទៅដល់កន្លែងបង្កបង្កើន ផលស្រូវពលរដ្ឋជាក់ស្តែងតែម្តង ប៉ុន្តែលទ្ធផលមកពីកសិករប៉ុន្មានគ្រួសារប៉ុណ្ណោះ ដែលមិនព្រមបង្កបង្កើនផលស្រូវស្រាល ដោយពួកគាត់នាំគ្នាធ្វើស្រូវធ្ងន់ ដែលការប្រមូលផលប្រើពេលយូរ ។ ចំណុចនេះសម្តេចតេជោសង្កត់ធ្ងន់ថា មិនអាចបញ្ចេញទឹក ដើម្បីស្រោចស្រពស្រូវរបស់ពួកគាត់ប៉ុន្មានស្រែនោះបានទេ ខណៈស្រែផ្សេងទៀតមានរាប់រយហិកតាបានប្រមូលផលអស់ហើយ ដូច្នេះការជ្រើសរើសពូជពិតជាមានសារៈសំខាន់ ដើម្បីឲ្យការប្រមូលផលឆាប់បានរហ័ស៕

To Top