ព័ត៌មានជាតិ

លោក សួន រិនឌី៖ សេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាប្រភពចំណូលដ៏សំខាន់ របស់ប្រជាជន ខណៈអ្នកស្ថិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានប្រហែល ៦លាននាក់

ភ្នំពេញ៖ លោក សួន រិនឌី​ សមាជិករដ្ឋសភា និងជាលេខាធិការគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត និងអធិការកិច្ច បានគូសបញ្ជាក់ថា សេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាប្រភពចំណូលដ៏សំខាន់របស់ប្រជាជនប្រចាំថ្ងៃ សំដៅទៅលើសកម្មភាពអាជីវកម្មខ្នាតតូច ខណៈដែលចំនួនពលកម្ម ស្ថិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានចំនួនប្រហែល ៦លាននាក់ ប្រមាណជាង៧០% នៃកម្លាំងពលកម្មសេដ្ឋកិច្ចទាំងមូល ។

ការថ្លែងរបស់លោក សួន រិនឌី ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមសមាជរដ្ឋសភា និងព្រឹទ្ធសភា លើប្រធានបទអំពី “សេដ្ឋកិច្ចក្រៅប្រព័ន្ធ” ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា ។

ថ្លែងក្នុងឱកាសនោះ លោក សួន រិនដី បានលើកឡើងថា សេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាប្រភពចំណូលដ៏សំខាន់របស់ប្រជាជនប្រចាំថ្ងៃ សំដៅទៅលើសកម្មភាពអាជីវកម្ម មុខរបប(ខ្នាតតូច) ដែលមានតម្លៃដើមទាប។ ហើយបច្ចុប្បន្ននេះចំនួនពលកម្ម ដែលប្រកបស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានចំនួនប្រហែល ៦លាននាក់ (ប្រាំមួយលាននាក់) ប្រមាណប្រហែលជាង៧០% នៃកម្លាំងពលកម្មសេដ្ឋកិច្ចទាំងមូលប្រហែល ៨លាននាក់ ។

ក្នុងនោះលោក បានរំលឹកថា សេដ្ឋកិច្ចក្រៅប្រព័ន្ធបានបង្កើតឡើងជាថ្មី ចាប់ពីថ្ងៃ ៧មករា ឆ្នាំ១៩៧៩ ដែលរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានគ្រប់គ្រងនិងដឹកនាំជាបន្តបន្ទាប់រហូតមក ទោះបីជាក្នុងកាលៈទេសៈរាតត្បាតជម្ងឺកូវីដ-១៩ ក៏សេដ្ឋកិច្ចក្រៅប្រព័ន្ធត្រូវបានគាំទ្រ និងគាំពារអន្តរាគមន៍កម្មវិធីជំនួយសង្គម ជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ អន្តរាគមន៍គាំពារសង្គម ដើម្បីឆ្លើយតបនឹងសម្ពាធអតិផរណា សម្រាប់គ្រួសារងាយរងហានិភ័យ កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ (នៅមានកញ្ចប់ថវិកាជំនួយសង្គមជាច្រើនទៀត)។

លោក សួន រិនឌី បានបញ្ជាក់ថា ដោយមើលឃើញពីសក្តានុពល របស់សេដ្ឋកិច្ចក្រៅប្រព័ន្ធ រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញជាយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ និងមានគណៈកម្មាធិការសម្របសម្រួល ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ។យុទ្ធសាស្រ្តជាតិ ដែលបានដាក់ចេញខាងលើនេះ ក្នុងគោលបំណងលើកកម្ពស់ ការគាំពារ និងពង្រីកសមត្ថភាព ប្រណិតភាព និងភាពធ្ងន់ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងជំរុញ និងពន្លឿនការចូលរួម ទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងដើម្បីធានាឱ្យបាននូវភាពធន់ ភាពប៉ាន់ប្រមាណបាន និងរីកចម្រើនទៅមុខ នៃការធ្វើធុរកិច្ច, ពាណិជ្ជកម្ម, ការវិនិយោគ, ការប្រកប អាជីវកម្ម, មុខរបប និងការងារចិញ្ចឹមជីវិត ។

ក្នុងឱកាសនោះ លោក សួន រិនឌី បានសំណូមពរដល់ គណៈកម្មាធិការសម្របសម្រួលសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រសួង, ស្ថាប័ន, អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានជ្រួតជ្រាប ដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យបានយល់ដឹងពីអត្ថប្រយោជន៍នៃការចុះឈ្មោះ ។ ធ្វើការបណ្តុះបណ្តាលដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យយល់ដឹងអំពីរបៀបរបប នៃការចុះឈ្មោះតាមថ្នាលឌីជីថល ដោយមានក្រុមការងារ ជួយសម្របសម្រួលនៃការចុះឈ្មោះផងដែរ ។

គួរបញ្ជាក់ផងដែរថា លោកបណ្ឌិត សួន រិនឌី អ្នកតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ តែងតែឧបត្ថម្ភគាំទ្រ និងយកចិត្តទុកដាក់ដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធរាជធានី-ខេត្តជានិច្ច ជាយូរឆ្នាំមកហើយ និងបន្តមកដល់បច្ចុប្បន្ន ។

សូមបញ្ជាក់ថា ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមថ្នាលឌីជីថល (ប្រព័ន្ធអនឡាញ) ពីខែធ្នូ ឆ្នាំ២០២៤ រហូតដល់ខែឧសភា ឆ្នាំ២០២៥នេះ បានចំនួនប្រមាណជិត ៨ម៉ឺននាក់(ប្រាំបីម៉ឺននាក់) ក្នុងនោះរាជធានីភ្នំពេញ បានចំនួនជិត ៣ម៉ឺននាក់ (៣៧%នៃចំនួនសរុប) លទ្ធផលនេះកើតក្នុងរយៈពេលខ្លីជាវិជ្ជមាន តែពុំទាន់បានសមស្របនៅឡើយ៕

To Top