ព័ត៌មានជាតិ

សម្តេចតេជោ មានគម្រោងហៅសម្តេច ស ខេង សម្តេចទៀ បាញ់ លោក ជា សុផារ៉ា លោក ប៊ិន ឈិន និងលោក កែ គឹមយ៉ាន់ ទៅហាងកាហ្វេ

ភ្នំពេញ ៖ ដើម្បីបង្កបរិយាកាសរីករាយ នៅក្នុងសមាជព្រឹទ្ធសភា និងរដ្ឋសភា នៅព្រឹកថ្ងៃទី៣ មិថុនា នេះសម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងប្រធានសមាជបានលើកឡើង ក្នុងន័យកំប្លែងលេងសើចថា នៅថ្ងៃណាមួយដែលជាឱកាសល្អ សម្តេចនឹងអញ្ជើញសម្តេចក្រឡាហោម ស ខេង សម្តេច ទៀ បាញ់ លោក ជា សុផារ៉ា លោក ប៊ិន ឈិន និង លោក កែ គឹមយ៉ាន់ ទៅហាងកាហ្វេ ដើម្បីជួបពិភាក្សាគ្នារឿងផ្សេងៗ។

សម្តេចតេជោគូសបញ្ជាក់ថា “យើងឧស្សាហ៍បបួលគ្នាទៅរកតៀមកាហ្វេ អត់អីទេអាហ្នឹង អាហ្នឹងមិនដូចកាញារីទ្ធទេ ។ កាញារីទ្ធទៅវាជារឿងផ្សេង អាយើងទៅចាស់ៗគឺរកកាហ្វេអីទេ ។ ព្រោះឥឡូវគេជំនុំគ្នា គេហៅគ្នា គេណាត់គ្នាទៅហាងកាហ្វេនេះហាងកាហ្វេនោះ គេនិយាយការងារនៅតាមហាងកាហ្វេវិញ”។

ការមានប្រសាសន៍របស់សម្តេចតេជោ បន្ទាប់ពីសម្តេចបានឃើញថា សព្វថ្ងៃនេះមិនថានៅទីក្រុង ឬខេត្តជនបទ ដាច់ស្រយ៉ាលទេ គឺមានហាង ឬតូបកាហ្វេរីកផុសឡើងគ្រប់ទីកន្លែងដែលជាកន្លែងណាត់ជួបរបស់យុវវ័យសម័យថ្មីជួបពិភាក្សាការងារផ្សេងជាមួយគ្នាដោយរីករាយ ។
ចំពោះហាងកាហ្វេនេះ សម្តេចក៏បានថ្លែងថា មិនអាចហាមឃាត់មិនឲ្យមានការវិនិយោគបាននោះទេ ៕

To Top