ព័ត៌មានជាតិ

ក្រសួងការងារ និងគណៈប្រតិភូធុរកិច្ចអាល្លឺម៉ង់ ឯកភាពគ្នាពង្រីកវិសាលភាព កិច្ចសហប្រតិបត្តិការ ទាក់ទងនឹងកម្មវិធី TVET នៅកម្ពុជា

ភ្នំពេញ ៖ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និងគណៈប្រតិភូ ធុរកិច្ចនៃប្រទេសអាល្លឺម៉ង់ ​បានឯកភាពគ្នាពង្រីកវិសាលភាព នៃកិច្ចសហប្រតិបត្តិការ ទាក់ទង នឹងការអប់រំបណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជា ដើម្បីឆ្លើយតាមតម្រូវការទីផ្សារការងារ និងការរីកចម្រើន នៃវិស័យបច្ចេកវិទ្យា ដោយអនុវត្តកម្មវិធីសិក្សា ផ្តោតលើឧស្សាហកម្ម។

ការបង្ហាញនេះធ្វើឡើងក្នុង ជំនួបរវាងលោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់លោករដ្ឋមន្រ្តី ហេង សួរ បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូធុរកិច្ច នៃប្រទេសអាល្លឺម៉ង់ ដែលដឹកនាំដោយលោកស្រីបណ្ឌិត Martina Habibes អ្នកជំនាញផ្នែកគំនិតផ្តួចផ្តើម VB4-នាំចេញថាមពល, កម្មវិធីអភិវឌ្ឍន៍ទីផ្សារនៃក្រសួងកិច្ចការសេដ្ឋកិច្ច និងសកម្មភាពអាកាសធាតុសហព័ន្ធ នៅទីស្ដីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ។

លោកស្រី​ សុវណ្ណ វណ្ណារតន៍ បានចែករំលែកព័ត៌មាន និងបង្ហាញពីស្ថានភាព នៃការបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដើម្បីជាពុទ្ធិបន្ថែមសម្រាប់គណៈប្រតិភូធុរកិច្ច នៃប្រទេសអាល្លឺម៉ង់ក្នុងការឈ្វេងយល់ ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

លោកស្រី​រដ្ឋលេខាធិការ​ប្រចាំការ បានបង្ហាញពីសក្តានុពល នៃកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា តាមរយៈការជួយគាំទ្រគម្រោងបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់ពលរដ្ឋ និងយុវជន ដើម្បីជាការរួមចំណែកដ៏សំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ស្របទៅតាមចក្ខុវិស័យ និងគោលនយោបាយដ៏វែងឆ្ងាយ ដើម្បីសម្រេច បាននូវគោលដៅក្នុង ការប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងប្រទេសដែលមានប្រាក់ចំណូល កម្រិតខ្ពស់នៅឆ្នាំ២០៥០។

ជាមួយគ្នានេះ លោកស្រី​ សុវណ្ណ វណ្ណារតន៍ បានបញ្ជាក់ថា៖«យើងចង់ឃើញកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងគណៈប្រតិភូធុរកិច្ចនៃប្រទេសអាល្លឺម៉ង់ កាន់តែមានភាពជឿនលឿនទៅមុខ ដើម្បីឈានដល់បង្កើតឱ្យមានកិច្ចព្រមព្រៀងណាមួយរួមគ្នាឱ្យបានឆាប់ៗ។ កម្មវិធី TVET បើកចំហកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ និងអន្តរជាតិ ជាពិសេសដៃគូដែលមកពីសហគមអ៊ឺរ៉ុប»។

ជាការឆ្លើយតប តំណាងគណៈប្រតិភូធុរកិច្ច នៃប្រទេសអាល្លឺម៉ង់បានឯកភាព និងបង្ហាញជំហរក្នុងការគាំទ្រដល់កម្មវិធីបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅកម្ពុជា ដើម្បីរួមចំណែកក្នុងការពង្រឹងទំនាក់ទំនង រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាល្លឺម៉ង់ផងដែរ។ លើសពីនេះ គណៈប្រតិភូអាល្លឺម៉ង់មានបំណងចង់ពិភាក្សាលម្អិតបន្ថែមទៀត ជុំវិញកិច្ចសហប្រតិបត្តិការនេះនាពេលក្រោយទៀត៕

To Top