ព័ត៌មានជាតិ

ទូតអង់គ្លេសប្រចាំកម្ពុជា ជឿជាក់ថា រាល់ភ្ញៀវអន្តរជាតិ មកដល់អាកាសយានដ្ឋាន អន្តរជាតិតេជោ នឹងមើលឃើញនូវសក្តានុពល ដែលកម្ពុជា មានកាន់តែច្បាស់

ភ្នំពេញ ៖ បន្ទាប់ពីបានអញ្ជើញមកទស្សនកិច្ច ទាំងវឌ្ឍនភាព និងដំណើរការ នៃការសាងសងអាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្តាល ប្រមាណជា៥លើកមកហើយនោះ លោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា បានបង្ហាញនូវការកោតសរសើរ និងបង្ហាញនូវភាពជឿជាក់ថា រាល់ភ្ញៀវអន្តរជាតិទាំងឡាយ ដែលបានមកដល់អាកាសយានដ្ឋាន អន្តរជាតិតេជោ នៅពេលបើកដំណើរការ នឹងអាចមើលឃើញ នូវសក្តានុពលដែលកម្ពុជា មានកាន់តែច្បាស់ ថែមទាំងអាចផ្តាស់ ប្តូរឥរិយាបទមកលើកម្ពុជាផងដែរ ។

ការលើកឡើងរបស់លោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ខាងលើនេះ ធ្វើឡើងបន្ទាប់ពីលោក បានដឹកនាំគណៈប្រតិភូ អញ្ជើញទស្សនកិច្ច អំពីវឌ្ឍនភាព របស់អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតនៅខេត្ដកណ្ដាល នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ។

ក្នុងឱកាសនេះ លោកឯកអគ្គរាជទូតចក្រភពអង់គ្លេស បានធ្វើការធានាអះអាងថា សម្រាប់ភ្ញៀវអន្តរជាតិ ដែលមកដល់កម្ពុជា នៅអាកាសយានដ្ឋាន អន្តរជាតិតេជោថ្មីនេះ បើកដំណើរការ នឹងមើលឃើញថា កម្ពុជា ជាប្រទេសទំនើបមួយ ជាមួយនឹងថាមពល រួមទាំងមានចក្ខុវិស័យ ព្រមទាំងមហិច្ឆតា សម្រាប់អនាគត ។

លោក Dominic Williams បានលើកឡើងថា “នៅពេលដែលភ្ញៀវអន្តរជាតិមកព្រលានយន្តហោះថ្មីនេះ ពួកគេនឹងមើលឃើញសក្តានុពលដែលកម្ពុជាមាន ហើយរាល់ដលដែលយើងមានភ្ញៀវ ដែលមកតាមរយៈស្ថានទូតអង់គ្លេស ពីចក្រភពអង់គ្លេស ពួកគាត់ប្រាប់យើងថា កម្ពុជា ល្អជាងអ្វីដែលគាត់បានឃើញ មុនមកដល់ទីនេះ ហើយខ្ញុំច្បាស់ថា ព្រលានយន្តហោះថ្មីនេះ នឹងផ្លាស់ប្តូរឥរិយាបទភ្ញៀវអន្តរជាតិ ចំពោះកម្ពុជា ។ ប៉ុន្តែអ្វីដែលមានសារៈសំខាន់ សម្រាប់ខ្ញុំ គឺជាប្រជាជនកម្ពុជា មានមោទនភាព លើព្រលានយន្តហោះថ្មីនេះ ពីព្រោះអាគារនេះ បង្ហាញអ្វីដែលកម្ពុជា អាចធ្វើបាន” ។

ជាមួយគ្នា លោក Dominic Williams បានគូសបញ្ជាក់បន្ថែមថា លោកតែងតែបានលើកយក នូវសមទ្ធផលនៃអាកាសយានដ្ឋានអន្តរជាតិតេជោរបស់កម្ពុជា ដើម្បីបង្ហាញទៅកាន់ក្រុមហ៊ុន នៅចក្រភពអង់គ្លេស និងរដ្ឋាភិបាលអង់គ្លេស ខណៈដែលលោកតែងតែបានចូលរួមផ្សព្វផ្សាយ អំពីអាកាសយានដ្ឋាន អន្តរជាតិថ្មីនេះ តាមរយៈវីដេអូខ្លីៗ នៅលើបណ្តាញសង្គមផងដែរ ។

សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងត្រូវបើកដំណើរការចាប់ពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។ អាកាសយានដ្ឋានអន្តរជាតិតេជោនេះ បានសាងសង់លើផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ វាត្រូវបានចាត់ថ្នាក់ ជាអាកាសយានដ្ឋាន 4F ហើយត្រូវបានអភិវឌ្ឍជា ៣ដំណាក់កាល។ ថវិកាវិនិយោគសម្រាប់ដំណាក់កាលទី១ គឺ ១៥០០លានដុល្លារ ដោយមិនរាប់បញ្ចូលដីព្រលានយន្តហោះ។ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលាន យន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន ៕

To Top