កំពង់ធំ: លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អមដំណើរជាមួយមន្ត្រីជំនាញ អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងចុះពិនិត្យវឌ្ឍនភាពការដ្ឋានផ្លូវបេតុងប្រវែង ៣.៧ គីឡូម៉ែត្រ ក្នុងនោះមានសំណង់សិល្បការ ចំនួន ៤ កន្លែង មានទីតាំងពីភូមិបន្ទាយយោមរាជ ឃុំប្រាសាទ ស្រុកសន្ទុក ទៅកាន់ភូមិត្នោតជុំ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយឆ្លងកាត់ស្ទឹងជីនិត ដែលរួមមាន ស្ពានថ្មប្រវែង ៧២ ម៉ែត្រ ទទឹង៨ ម៉ែត្រ, លូប្រអប់ចំនួន ៣ កន្លែង និងលូមូលចំនួន ១ កន្លែង នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥។

លោក នួន ផារ័ត្ន ថ្លែងថា ខ្សែផ្លូវនេះមានភាពប្រទាក់ក្រឡាគ្នា ដោយតភ្ជាប់គ្នារវាងស្រុកសន្ទុក និងស្រុកបារាយណ៍។ ក្រោយបញ្ចប់ការសាងសង់ ខ្សែផ្លូវនេះនឹងជួយសម្រួល ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ទៅកាន់មន្ទីរពេទ្យ សាលារៀន និងសម្រួលការដឹកជញ្ជូនទំនិញ ក៏ដូចជាកសិផលផ្សេងៗ ទៅកាន់ទីផ្សារមូលដ្ឋាន និងតំបន់ជុំវិញ ជាពិសេស រំពឹងថា នឹងចូលរួមលើកកម្ពស់នូវសកម្មភាព ផ្លាស់ប្តូរជីវភាពរស់នៅ របស់បងប្អូន ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង បន្ថែមទៀត។

លោក នួន ផារ័ត្ន បានសំណូមពរ ដល់អ្នកប្រើប្រាសផ្លូវទាំងអស់ សូមចូលរួមថែរក្សាផ្លូវថ្នល់នេះ ឲ្យបានគង់វង្ស យូរអង្វែង ដោយមិនត្រូវដឹកជញ្ជូន ធុនធ្ងន់ទំនិញ លើផ្លូវថ្នល់ ដែលផ្ទុកលើសទម្ងន់ ដែលធ្វើឱ្យស្រុតផ្លូវថ្នល់ ឬបែកលូកាត់ទទឹងផ្លូវ ឬបាក់ស្ពាន ។ លើសពីនេះទៀត សូមអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលចិញ្ចឹមសត្វពាហនៈ សូមមានការប្រុងប្រយ័ត្នពេលមានការឆ្លងកាត់ផ្លូវ និងចូលរួមគោរពច្បាប់ចរាចរណ៍ ផ្លូវគោកទាំងអស់គ្នា កុំបើកបរលើសល្បឿនកំណត់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងជាយថាហេតុ ដែលនាំឱ្យខូចខាតដល់ទ្រព្យសម្បត្តិ និងអាយុជីវិតអ្នកធ្វើដំណើរ តាមដងផ្លូវជាមួយគ្នាផងដែរ ៕ ដោយសំនៀង

