ភ្នំពេញ ៖ លោក ឡៅ ហ៊ីម រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបពិភាក្សា ការងារជាមួយលោក Thomas Lammar ភារធារីស្តីទីនៃស្ថានទូតលុចសំបួប្រ ចាំប្រទេសឡាវ ពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-លុចសំបួ។

ជំនួបពិភាក្សានេះធ្វើឡើង នៅទីស្ដីការក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការចូលរួម ពីលោកអនុរដ្ឋលេខាធិការ អគ្គនាយករង នៃអគ្គនាយកដ្ឋានការងារ អគ្គនាយករង នៃអគ្គនាយកដ្ឋានបណ្ដុះបណ្ដាល បច្ចេកទេសនិងវិជ្ជាជីវៈ និងមន្ត្រីពីនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជានាយកដ្ឋានគ្រប់គ្រងគ្រឹះស្ថានសិក្សា ដើម្បីជួបប្រជុំពិភាក្សាការងារពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

គោលបំណងនៃកិច្ចពិភាក្សានេះ គឺដើម្បីពង្រឹងនិងបង្កើនចំណងមិត្តភាព ក៏ដូចជាការបង្កើនកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងលុចសំបួ ជាពិសេសការឆ្ពោះទៅរកការ កំណត់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទូទៅ សម្រាប់វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ភាគីលុចសំបួរនឹងអញ្ជើញទៅទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ នាខេត្តស្ទឹងត្រែង នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ និងនៅខេត្តរតនគិរី នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីស្វែងយល់បន្ថែមពីមុខជំនាញកសិកម្ម ទេសចរណ៍ជាដើម នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈទាំងពីរនេះ។

ភាគីទាំងពីរកម្ពុជា-លុចសំបួសង្ឃឹមយ៉ាងមុតមាំថា ប្រទេសទាំងពីរនឹងពង្រឹង និងបង្កើនកិច្ចសហប្រតិបត្តិការ តាមរយៈការចុះអនុស្សរណៈ ឬកិច្ចព្រមព្រៀងណាមួយ នាពេលអនាគត សម្រាប់វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕




