ព័ត៌មានជាតិ

រាជរដ្ឋាភិបាល កំពុងសិក្សាការធ្វើប្រឡាយ ដោយតភ្ជាប់ពីទន្លេមេគង្គលើ ទៅទន្លេសាប

ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការងារជាមួយរដ្ឋាភិបាលកូរ៉េ តាមរយៈកយកា-KOICA សិក្សាអំពីការធ្វើប្រឡាយ ដោយតភ្ជាប់ពីទន្លេមេង្គលើ ទៅទន្លេសាប។

ការលើកឡើងរបស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញចូលរួមកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ នៅវិមានរដ្ឋសភា ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ខ្ញុំ បានធ្វើការងារ ជាមួយរដ្ឋាភិបាលកូរ៉េ តាមរយៈកយកាសិក្សាអំពីការ តភ្ជាប់ប្រឡាយតភ្ជាប់ពីទន្លេមេង្គលើ ទៅទន្លេសាប ដើម្បីភ្ជាប់ពីទន្លេមេង្គលើ ទៅស្ទឹងសែន ចាក់ទៅទន្លេសាប ដើម្បីធានាតុល្យភាពទឹក»។

សម្ដេចបវរធិបតី បន្ដថា ហើយបើមានលទ្ធភាព ទៅថ្ងៃខាងមុខ នឹងតភ្ជាប់ពីទន្លេសាប ទៅប៉ោយប៉ែត ថែមទៀតផង។

សម្ដេចបវរធិបតី គូសបញ្ជាក់ថា «ថ្ងៃខាងមុខអាចមានលទ្ធភាពភ្ជាប់ពីបឹងទន្លេសាប ឆ្ពោះទៅកន្លែងមួយជិតប៉ោយប៉ែត ក្នុងការធានាដឹកជញ្ជូនរបស់យើង បើសិនព្រែកជីកហ្វូណនតេជោធ្វើហើយ ប្រព័ន្ធដឹកជញ្ជូនផ្លូវទឹក យើងកាត់តែសំខាន់»។

សម្ដេចបវរធិបតី បន្ថែមថា «ប៉ុន្ដែពេលមួយជំហ៊ាននេះ គឺបានឱ្យសិក្សាមួយជំហ៊ានសិន អំពីបរិស្ថាន និងប្រព័ន្ធបច្ចេកទេស ធ្វើយ៉ាងអាចភ្ជាប់ទន្លេមេង្គលើ ពីខេត្តស្ទឹងត្រែង ចុះមកស្ទឹងសែន ប្រហែលជា ៧០គីឡូម៉ែត្រ បើសិនធ្វើកន្លែងនេះ អាចធានាបានតុល្យភាពទឹករវាងទន្លេមេង្គ និងទន្លេសាប ហើយអាចធានា ដល់ប្រព័ន្ធធារាសាស្ដ្រ និងប្រព័ន្ធទឹកប្រើប្រាស់ នៅទូទាំងប្រទេស»

To Top