ព័ត៌មានជាតិ

កម្ពុជា នឹងរៀបចំហ្វឹកហ្វឺនបាញ់គ្រាប់ពិត នៅលើដែនសមុទ្រ ចន្លោះកោះពូលូវៃ និងកោះតាង

ភ្នំពេញ ៖ មូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ នឹងរៀបចំកម្មវិធីហ្វឹកហ្វឺន បាញ់គ្រាប់ពិតនៅលើដែនសមុទ្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅចន្លោះកោះពូលូវៃ និងកោះតាង ភូមិសាស្ត្រខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥។

តាមរយៈសេចក្ដីជូនដំណឹងរបស់ មូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា សូមបណ្តាស្ថាប័ន អង្គភាពពាក់ព័ន្ធ ជាពិសេសប្រជាពលរដ្ឋ ប្រជានេសាទ មេត្តាជ្រាប និងកុំមានការភាន់ច្រឡំ ពេលមានលឺសម្លេងកាំភ្លើងរួមជាមួយការ ចល័តកងទ័ព នាវាចម្បាំងនៅលើផ្ទៃសមុទ្រ និងសូមកុំធ្វើដំណើរឆ្លងកាត់ ឬនេសាទ ជុំវិញតំបន់ហ្វឹកហ្វឺន បាញ់គ្រាប់ពិតនេះ ដើម្បីជៀសវាងការបង្កគ្រោះថ្នាក់ ឬហានិភ័យណាមួយជាយថាហេតុ។

ជាមួយគ្នានេះដែរ អាជ្ញាធរដែនដីគ្រប់ លំដាប់ថ្នាក់កងកម្លាំង មានសមត្ថកិច្ច គ្រប់ប្រភេទ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ សាធារណជន ជាពិសេសប្រជានេសាទ ឱ្យបានជ្រាបយ៉ាងទូលំទូលាយ និងសហការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ៕

To Top