ភ្នំពេញ ៖ ក្នុងគ្រាឆ្លើយតប ចំពោះករណីកម្ពុជា មានគម្រោងត្រៀមរៀបចំប្តឹង ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីថៃបានបង្ហាញជំហរទន់ភ្លន់ ចង់ជួបចរចាទ្វេភាគីជាមួយកម្ពុជា ជុំវិញជម្លោះជាមួយគ្នាមួយប្រាវ កាលពីថ្ងៃ២៨ ឧសភាដោយសន្តិវិធី ចំពោះយន្តការដែលមានស្រាប់ ។

យោងតាមសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលថៃ នាថ្ងៃ៤ មិថុនា អំពី «ករណីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» បានឲ្យដឹងថា ភាគីថៃ ចង់ចរចា រកដំណោះស្រាយព្រំដែន ជាមួយកម្ពុជាជាលក្ខណៈទ្វេភាគី ដោយប្រើយន្តការ ជាលក្ខណៈគណៈកម្មាធិការព្រំដែនរួម (JBC) និង គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ព្រោះក្រោយប៉ះទង្គិចគ្នា មួយប្រាវរួចមករាជរដ្ឋាភិបាល កម្ពុជា-ថៃ បានពិភាក្សាគ្នា យ៉ាងជិតស្និទ្ធនៅគ្រប់កម្រិត រួមទាំងនាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរ បាននិយាយដោយមានការ ព្រួយបារម្ភអំពីស្ថានការណ៍។ ជាលទ្ធផលនៃកិច្ចពិភាក្សា រដ្ឋាភិបាលទាំងពីរបានព្រមព្រៀងគ្នាថា នឹងសហការគ្នាដើម្បីធ្វើឲ្យស្ថានការណ៍ វិលមករកភាពប្រក្រតីឡើងវិញ និងទប់ស្កាត់កុំឲ្យកើតឡើងនូវភាពតានតឹង ។ ក្នុងនោះភាគីទាំងពីរបានយល់ព្រមប្រើប្រាស់ យន្តការទ្វេភាគីផ្សេងៗ ដើម្បីដោះស្រាយបញ្ហា ដែលមួយក្នុងនោះជាយន្តការ JBC ដូចដែលបានពិភាក្សាដោយមេបញ្ជាការ កងទ័ពនៃភាគីទាំងពីរកាលពីថ្ងៃទី២៩ ឧសភា ។
សេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលបញ្ជាក់ថា “ចំពោះសំណួរអំពីជំហររបស់កម្ពុជា ដែលអាចនឹងចង់ប្រើប្រព័ន្ធតុលាការ ឬភាគីទីបី ជាយន្តការដើម្បីពិចារណាលើបញ្ហានេះ ខ្ញុំសូមបញ្ជាក់ថា ប្រទេសថៃ ក្នុងនាមជាអ្នកជិតខាងរបស់កម្ពុជា បានប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដូចជា MOU ឆ្នាំ២០០០ និង ភស្តុតាងផ្សេងៗ រួមទាំងរូបថតផ្កាយរណប។ ប្រទេសថៃបានត្រៀមខ្លួន ជាស្រេចក្នុងការចរចាជាមួយកម្ពុជា តាមរយៈយន្តការទ្វេភាគីដែលមានស្រាប់”។
យន្តការដែលមានស្រាប់នោះ ត្រូវបាននាយករដ្ឋមន្រ្តីថៃអះអាងថា JBC ដែលជាយន្តការបច្ចេកទេសដែលបង្កើតឡើងដោយ MOU ឆ្នាំ ២០០០ ដើម្បីពិភាក្សាអំពីការស្ទង់មតិ និង ការបោះបង្គោលព្រំដែនទ្វេភាគី ។ ចំណែក GBCគឺជាយន្តការ មួយនៅកម្រិតរដ្ឋមន្ត្រីក្រសួង ការពារជាតិ និង RBC (គណៈកម្មាធិការព្រំដែនតំបន់) គឺជាយន្តការមួយនៅកម្រិត នៃមេបញ្ជាការកងទ័ពក្នុងតំបន់ ។ ទាំង GBC និង RBC មានតួនាទីសំខាន់ ក្នុងការរក្សាសន្តិភាព និងសណ្តាប់ធ្នាប់ក្នុងស្ថានភាព ព្រំដែន។
ក្នុងសេចក្តីថ្លែងការណ៍ របស់ភាគីថៃបានអះអាងពីថ្ងៃប៉ះទង្គិចនោះថា ស្ថានការណ៍ថ្ងៃនោះ បានបង្ខំឲ្យកងកម្លាំងថៃ ត្រូវការពារខ្លួន និងការពារអធិបតេយ្យភាព របស់ថៃស្របតាមច្បាប់អន្តរជាតិ ។
ពាក់ព័ន្ធករណីប្តឹងនេះ ក្នុងសមាជព្រឹទ្ធសភា-រដ្ឋសភាលើកទី១ នាថ្ងៃ២ មិថុនា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្តេជ្ញាចិត្តមុះមាំថា បើទោះបីជាភាគីថៃមិនព្រមទៅតុលាការយុត្តិធម៌អន្តរជាតិក៏ដោយ ក៏កម្ពុជានៅតែប្ដឹងដដែល ដើម្បីឲ្យដាច់ស្រេចតែម្ដង ៕
