ភ្នំពេញ ៖ អ្នកនាំពាក្យ ក្រសួងការបរទេសខ្មែរ លោក ជុំ សុន្ទរី បានឲ្យដឹងថា នៅថ្ងៃទី១៤ មិថុនា ខាងមុខនេះ កម្ពុជាបានឯកភាព ធ្វើជាម្ចាស់ ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ នៅរាជធានីភ្នំពេញ ។
ពាក់ព័ន្ធកិច្ចប្រជុំនេះ បើតាមប្រកាសរបស់អ្នកនាំពាក្យ ក្រសួងការបរទេស នៅក្នុងតេឡេក្រាម នាថ្ងៃ៤ មិថុនា នេះគឺក្រសួងការបរទេសខ្មែរ បានជូនព័ត៌មាននេះ ជាផ្លូវការទៅភាគីថៃរួចហើយ ។
អ្នកនាំពាក្យបន្តថា ក្នុងជំនួបទ្វេភាគី នៅទីក្រុង តូក្យូ ថ្ងៃទី៣០ ឧសភា ២០២៥ រដ្ឋមន្ត្រីការបរទេស របស់ប្រទេស ទាំងពីរកម្ពុជា-ថៃ បានឯកភាពប្រកាន់ស្មារតីនៃការគោរពអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ និងប្រើប្រាស់គ្រប់យន្តការ ដែលមានស្រាប់ ជាពិសេសជំរុញយន្តការ គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក ជួបពិភាក្សាការងារគ្នាឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ដើម្បីដោះស្រាយបញ្ហាព្រំដែន ដោយផ្ដោតសំខាន់ទៅលើតំបន់ ដែលបានកើតហេតុនាពេលថ្មីនេះ។
លោក ជុំ សុន្ទរី បញ្ជាក់បន្ថែមថា ជាមួយនឹងការប្ដេជ្ញា ដ៏មោះមុតក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន កម្ពុជាប្រកាន់ជំហររឹងមាំ ក្នុងការប្រែក្លាយតំបន់ព្រំដែន ជាមួយប្រទេសជិតខាងឲ្យក្លាយទៅជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដើម្បីជាផលប្រយោជន៍របស់ប្រទេស និង ប្រជាជនរៀងៗខ្លួន ។ ក្នុងនោះកម្ពុជាប្រកាន់ជំហរ ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការប្រើប្រាស់ យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិជាគោល ៕
