ពោធិ៍សាត់÷ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា តំណាងលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ បានចុះជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះទីបញ្ជាការ កងវរសេនាតូចលេខ៥៥៦, ទីបញ្ជាការកងការពារ ព្រំដែនលេខ៥០១ និងកម្លាំងវរៈសេនាតូច នគរបាលការពារព្រំដែនគោក លេខ៨២៥ ប្រចាំទិសទី៤ នៃយោធភូមិភាគ៥ ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ដែលជានិច្ចកាលលោកតែងតែគិតគូរ ពីសុខទុក្ខរបស់បងប្អូនកងកម្លាំងរបស់យើង នៅគ្រប់កាលៈទេសៈទាំងអស់ ដោយបង្ហាញអំពីការសាមគ្គីភាព រវាងសមរភូមិក្រោយ និងសមរភូមិមុខ។
លោកអភិបាលខេត្ត បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាននឹងកំពុងពង្រឹង និងពង្រីកសេដ្ឋកិច្ចជាតិ ដោយត្រូវដោះស្រាយបញ្ហាជាច្រើន ជូនប្រជាពលរដ្ឋកម្ពុជា ហើយនឹងឈានទៅបង្កើតមូលដ្ឋានគ្រឹះថ្មី សម្រាប់សេដ្ឋកិច្ច និងសង្គមជាតិ នាពេលអនាគត។ ជាស្តែងថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏មានចំណាត់ការយ៉ាងម៉ឺងម៉ាត់ ទាក់ទងនឹងដំណោះស្រាយ បញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ដោយប្រើប្រាស់យន្តការទ្វេភាគី ការប្ដឹងទៅកាន់តុលាការ យុត្តិធម៌អន្ដរជាតិ ICJ និងយុទ្ធសាស្រ្តការពារខ្លួន ក្នុងករណីចាំបាច់។

លោក ខូយ រីដា បានក្រើនរំឭកដល់កងកម្លាំងទាំងអស់ ត្រូវប្រកាន់ភ្ជាប់នូវស្មារតីសាមគ្គីភាព និងទទួលខុសត្រូវ ចំពោះខ្សែបន្ទាត់ព្រំដែន ដែលបាននឹងកំពុង ឈរជើងការពារ តាមបណ្តាអង្គភាពនីមួយៗ ដោយត្រូវបង្កើនការ ចេញល្បាតត្រួតពិនិត្យជាប្រចាំ ចំពោះបង្គោល ឬសញ្ញា និងតម្រុយសំគាល់នានាតាមព្រំដែន ក្នុងស្មារតីប្រុងប្រយ័ត្នខ្ពស់ និងស្តាប់តាមការណែនាំរបស់មេបញ្ជាការ ពិសេសបទបញ្ជាដ៍ខ្ពង់ខ្ពស់ របស់សម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។
លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មេត្តារក្សាភាពស្ងៀមស្ងាត់ និងសូមបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ដោយព្យាយាមឱ្យអស់លទ្ធភាព មិនរុញច្រានប្រទេសឱ្យធ្លាក់ក្នុងជម្លោះប្រដាប់អាវុធ ឬសង្រ្គាម តាមពួកជ្រុលនិយម ដែលតែងតែបញ្ឆេះកំហឹងជាតិសាសន៍ និងអំពើហិង្សា។ ជាមួយគ្នានោះយើងក៏ត្រូវការពារទឹកដីរបស់យើង ដោយផ្អែកលើច្បាប់ និងការទទួលស្គាល់ជាអន្តរជាតិ ហើយយើងក៏នៅតែប្រកាន់ជំហរទន់ភ្លន់ ប៉ុន្តែមិនទន់ជ្រាយជាដាច់ខាត។

នាឱកាសនោះដែរ លោក ខូយ រីដា និងលោក យឹម វិសិដ្ឋ ក៏បានប្រគល់អំណោយ ជាគ្រឿងឧបភោគបរិភោគ និងថវិកាឧបត្ថម្ភមួយចំនួន ជូនដល់ទីបញ្ជាការកងវរសេនាតូចលេខ៥៥៦, ទីបញ្ជាការកងការពារព្រំដែនលេខ៥០១ និងកម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៥ ដែលជាការឧបត្ថម្ភ របស់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ផងដែរ ៕
