ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ មិថុនា ឆ្នាំ២០២៥នេះ បានដឹកនាំ អាជ្ញាធរមូលដ្ឋានខណ្ឌ និងមន្ទីរជំនាញចុះពិនិត្យមើលលូ ប្រឡាយ និងស្ថានីយ៍បូមទឹក ក្នុងភូមិសាស្ត្រខណ្ឌដង្កោ និងខណ្ឌមានន័យ ដើម្បីធ្វើយ៉ាងណាឱ្យចរន្តទឹកហូរបានលឿនបញ្ជៀសបាន នូវការជនលិចដោយជំនន់ទឹកភ្លៀង ជូនប្រជាពលរដ្ឋ នារដូវវស្សានេះ។
លោក ឃួង ស្រេង បានចុះពិនិត្យការស្តារប្រឡាយភូមម័រ ចាប់ពីប្រឡាយលូប្រាំ រហូតដល់ស្ឋានីយ៍បូមទឹកបឹងទំពុន ពិនិត្យការស្តារប្រឡាយបឹងទំពុនរហូតមកដល់ផ្លូវ៦០ម៉ែត្រ ឆ្ពោះទៅស្ទឹងជ្រៅ បន្តចុះពិនិត្យប្រឡាយបឹងជើងឯក ត្រង់ចំណុចប្រសប់ ជាមួយមហាវិថីឈុន គង់ ខណៈទីតាំងនេះកំពុងសាងសង់ស្ពានឆ្លងកាត់។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ការចុះពិនិត្យមើលប្រឡាយលូខាងលើនេះលោក ឃួង ស្រេង បានជំរុញឱ្យ អាជ្ញាធរខណ្ឌទាំង២ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ស្តារប្រឡាយភូមម័រ ចាប់ពីប្រឡាយលូប្រាំរហូតដល់ស្ឋានីយ៍បូមទឹកបឹងទំពុន ទៅផ្លូវ៦០ម៉ែត្រ ឆ្ពោះទៅស្ទឹងជ្រៅឱ្យបានលឿន ដើម្បីធានាឱ្យទឹកហូរពីភាគខាងត្បូង រាជធានីភ្នំពេញ ឆ្ពោះទៅកាន់ស្ទឹងជ្រៅបានលឿន។
បន្ថែមពីនេះទៀតលោក អភិបាលរាជធានីភ្នំពេញ បានជម្រុញឱ្យអាជ្ញាធរខណ្ឌមានជ័យ និងខណ្ឌដង្កោ បន្តការដោះស្រាយផលប៉ៈពាល់ ប្រឡាយភូមិម័រ ដែលនៅសល់សល់ ពីការដោះស្រាយផលប៉ះពាល់ របស់គណៈកម្មាធិការអន្តរក្រសួង ឱ្យបានរួចរាល់ ដើម្បីឱ្យក្រុមការងារ អាចដាក់គ្រឿងចក្រចូលស្តារប្រឡាយនេះ បានទៅតាមទំហំនៃប្លង់ប្រឡាយលូ ក្នុងរាជធានីភ្នំពេញ។
ជាងនេះទៅទៀតលោក ឃួង ស្រេង នូវបានជម្រុញឱ្យការសាងសង់ ស្ថានីយ៍បូមទឹកលូប្រាំ និងស្ថានីយ៍បូមទឹកបឹងទំពុន ឱ្យបានលឿននិងរួចរាល់នៅក្នុងខែកក្កដាខាងមុខនេះ ដើម្បីបានប្រើប្រាស់ដោះស្រាយបញ្ហាទឹកលិច លង់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញផងដែរ៕





