ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ង្វៀន តឹនគឿង (Nguyen Tan Cuong) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការ កងទ័ពប្រជាជនវៀតណាម បានលើកឡើងអំពីលទ្ធផលប្រកបដោយផ្លែផ្កា នៃជំនួបរវាងគណៈប្រតិភូ ក្រសួងការពារប្រទេសវៀតណាម ជាមួយនឹងគណៈប្រតិភូអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទកម្ពុជា ដោយបានសង្កត់ធ្ងន់ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អនេះ គឺជាសរសរស្ដម្ភមួយដ៏សំខាន់ ក្នុងការរួមចំណែកពូនជ្រំ ទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ ។
ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់របស់វៀតណាម ខាងលើនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានសន្ដិភាព ។
ក្នុងជំនួបនេះ លោកអនុរដ្ឋមន្ត្រី និងជាប្រធានអគ្គសេនាធិការ កងទ័ពប្រជាជនវៀតណាម បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានឆ្លៀតឱកាស ដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម ។
លោកអនុរដ្ឋមន្ត្រីបានអបអរសាទរ ចំពោះការសម្រេចបាន នូវសមិទ្ធផលយ៉ាងច្រើនរបស់កម្ពុជា និងបានវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ។
លោកបានបង្ហាញនូវជំនឿជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចរធិបតី, កម្ពុជានឹងបន្តសម្រេចបានសមិទ្ធផលថ្មីៗជាច្រើនបន្ថែមទៀត, ជាពិសេស កម្ពុជា នឹងសម្រេចបានជោគជ័យ ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងកាន់តែមានកិត្យានុភាពក្នុងតំបន់ និងលើឆាកអន្តរជាតិ ។
លោកអនុរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីទំនាក់ទំនងមិត្តភាពជាប្រពៃណី និងយូរអង្វែង រវាងវៀតណាម និងកម្ពុជា និងបានគូសរំលេចថា ជំនួបជាញឹកញាប់រវាងថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរ បាន និងកំពុងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ កាន់តែដ៏ល្អលើគ្រប់វិស័យ ។
លោកអនុរដ្ឋមន្ត្រី បានគោរពជម្រាបជូនសម្តេចធិបតី អំពីលទ្ធផលប្រកបដោយផ្លែផ្កា នៃជំនួបរវាងគណៈប្រតិភូ ក្រសួងការពារប្រទេសវៀតណាម ជាមួយនឹងគណៈប្រតិភូអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដែលក្នុងនោះ កងទ័ពទាំងពីរ បានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការ លើការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យការពារជាតិ។
លោកបានសង្កត់ធ្ងន់ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អនេះ គឺជាសរសរស្ដម្ភមួយដ៏សំខាន់ ក្នុងការរួមចំណែកពូនជ្រំ ទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ។
សម្តេចធិបតី បានគូសបញ្ជាក់អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទាំងពីរ ព្រមទាំងសម្តែងសេចក្ដីសោមនស្សរីករាយ ចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការ រវាងកងទ័ពនៃប្រទេសទាំងពីរ។
សម្តេចធិបតី ក៏បានគូសបញ្ជាក់ អំពីការបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ លើវិស័យសំខាន់ៗផ្សេងទៀត ដូចជា៖ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, ការជំរុញពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការ លើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ជាដើម។
សម្តេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះការបន្តគាំទ្ររបស់កងទ័ពវៀតណាមក្នុងការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា នៅក្នុងវិស័យការពារជាតិ ដែលជាការរួមចំណែកជំរុញការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ។
ក្នុងនោះ សម្តេចធិបតី បានអបអរសាទរចំពោះសមិទ្ធផល នៃកិច្ចសហប្រតិបត្តិការរវាងប្រទេស និងកងទ័ព នៃប្រទេសទាំងពីរ និងបានគូសបញ្ជាក់ពីការបន្តពូនជ្រំ និងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំថែមទៀត។
សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យកងទ័ពប្រទេសទាំងពីរ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែរឹងមាំបន្ថែមទៀត ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន នៃប្រទេសទាំងពីរ៕





