ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតអបអរសាទរព្រះរាជពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ២០២៥ ក្រោមប្រធានបទ៖ ” ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក (Beat Plastic Pollution) ” នៅបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៥ខែមិថុនា ឆ្នាំ២០២៥។
ទិវាបរិស្ថានពិភពលោក ត្រូវបានបង្កើតឡើងដោយអង្គការសហប្រជាជាតិនៅឆ្នាំ១៩៧២ ក្នុងឱកាសសន្និសីទស្តីពីបរិស្ថានមនុស្ស នៅទីក្រុងស្តុកខូម ប្រទេសស៊ុយអែត ដោយបានកំណត់យកថ្ងៃទី៥ ខែមិថុនា ជាថ្ងៃប្រារព្ធពិធី។ ប្រទេសកម្ពុជា បានចូលរួមប្រារព្ធទិវាបរិស្ថានពិភពលោកតាំងពីឆ្នាំ១៩៩៣ និងប្រារព្ធទិវាបរិស្ថានជាតិ និងពិភពលោកបញ្ចូលគ្នាជារៀងរាល់ឆ្នាំ។
ទិវាបរិស្ថានជាតិ ត្រូវបានចារឹកក្នុងក្រមបរិស្ថាននិងធនធានធម្មជាតិ ដែលបានប្រកាសឱ្យប្រើប្រាស់នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ដោយព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៕
