ព័ត៌មានជាតិ

រដ្ឋមន្ត្រីទេសចរណ៍ និងឯកអគ្គរាជទូតកម្ពុជាប្រចាំ សាធារណរដ្ឋកូរ៉េ ជួបពិភាក្សារួមគ្នា ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនកូរ៉េ

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចូលរួមពិព័រណ៌ទេសចរណ៍អន្តរជាតិលើកទី៤០ ( The 40th Seoul International Travel Fair) និងកម្មវិធីពាក់ព័ន្ធផ្សេងៗ នៅរដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ លើការជំរុញការផ្សព្វផ្សាយ សក្តានុពលទេសចរណ៍កម្ពុជា រួមទាំងបញ្ហាប្រឈម និងកាលានុវត្តភាពទេសចរណ៍វិនិយោគ ដល់ប្រជាជន និងវិនិយោគិនកូរ៉េ។

ក្នុងឱកាសជំនួបនោះ លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានពាំនាំនូវការសាកសួរសុខទុក្ខ និងនឹករលឹកពីសំណាក់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដល់លោកស្រីឯកអគ្គរាជទូត និងសហការីទាំងអស់ នៃស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមជួយផ្សព្វផ្សាយ សក្តានុពលទេសចរណ៍កម្ពុជា ជាពិសេសគឺជួយក្នុងយុទ្ធនាការទេសចរណ៍កម្ពុជា ក្នុងរដូវកាលបៃតង (Green Season) និងប្រឆាំងព័ត៌មានក្លែងក្លាយអំពីកម្ពុជា។

សូមបញ្ជាក់ថា ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមពិព័រណ៌ទេសចរណ៍អន្តរជាតិលើកទី៤០ (The 40th Seoul International Travel Fair) និងកម្មវិធីពាក់ព័ន្ធផ្សេងៗ នៅរដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ ដែលមានការចូលរួមពីប្រទេសជាង៤០ ស្តង់ពិព័រណ៌ចំនួន៥០០ អ្នកលក់ចំនួន៧៥០ ក្រុមហ៊ុន និងអ្នកទិញចំនួន៨០០ក្រុមហ៊ុន៕

To Top