ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នៅតែរក្សាជំហរដដែលក្នុងការបញ្ជូនបញ្ហាជម្លោះព្រំដែននៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របីទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។

ការបង្ហាញជំហររបស់រាជរដ្ឋាភិបាលកម្ពុជាបានធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍មួយច្បាប់ជាភាសាអង់គ្លេសចំនួន២ទំព័រនារាត្រីថ្ងៃ៥ មិថុនា ដើម្បីឆ្លើយតបទៅលោកស្រី ផែថងថាន ស៊ីវ៉ាត្រា នាយករដ្ឋមន្រ្តីថៃដែលបានចេញថ្លែងការណ៍កាលពីថ្ងៃ៤ មិថុនា ក្នុងន័យស្នើមកកាន់រាជរដ្ឋាភិបាលដើម្បីជួបចរចាគ្នាដោយសន្តិវិធីចំពោះយន្តការដែលមានស្រាប់ ដោយមិនចាំបាច់បញ្ជូនសំណុំរឿងនេះទៅ ICJ ។

ឆ្លើយតបចំពោះសំណើររបស់លោកស្រីនាយករដ្ឋមន្រ្តីថៃ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់ថា ការប្តេជ្ញាចិត្តឥតងាករេរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការដោះស្រាយដោយសន្តិវិធី គឺបង្ហាញឲ្យឃើញនៅក្នុងអាកប្បកិរិយាជាប្រវត្តិសាស្ត្ររបស់ខ្លួន រួមទាំងការបញ្ជូនវិវាទទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ដែលបានកាត់ក្តីឲ្យកម្ពុជាឈ្នះនៅឆ្នាំ១៩៦២ និងម្តងទៀតនៅឆ្នាំ២០១៣ នៅក្នុងជម្លោះព្រំដែនជាមួយថៃ។ សកម្មភាពទាំងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅរបស់កម្ពុជាចំពោះច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា ដើម្បីផលប្រយោជន៍នៃការធានាបាននូវដំណោះស្រាយដោយយុត្តិធម៌ មិនលំអៀង និងនិរន្តរភាព នៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៥ រាជរដ្ឋាភិបាលបានសម្រេចបញ្ជូនវិវាទលើតំបន់រសើបចំនួនបួនគឺ មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តាចច និងប្រាសាទតាក្របី ទៅតុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេ។ តំបន់ទាំងបួននេះនៅតែមិនទាន់មានដំណោះស្រាយ និងរសើបជាយូរយារណាស់មកហើយ ជាមួយនឹងសក្ដានុពលក្នុងការបង្កើនភាពតានតឹង ប្រសិនបើទុកចោលដោយមិនបានដោះស្រាយ។
សេចក្តីថ្លែងការណ៍អះអាងថា ទោះជាកម្ពុជាបន្តដំណោះស្រាយផ្លូវច្បាប់នៅតុលាការ ICJក៏ដោយ ប៉ុន្តែរាជរដ្ឋាភិបាលនៅតែប្តេជ្ញាចិត្តក្នុងការសន្ទនា និងដោះស្រាយតាមផ្នែកការទូត។ ដោយកម្ពុជានឹងបន្តចូលរួមតាមរយៈក្របខ័ណ្ឌទ្វេភាគីដែលមានស្រាប់ ហើយនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំបន្ទាប់នៃគណៈកម្មការចម្រុះស្តីពីការបោះបង្គោលព្រំដែនគោក (JBC) នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៥ នៅរាជធានីភ្នំពេញ។ ទោះជាយ៉ាងណាក៏ដោយ ដោយមានការបញ្ជូនទៅកាន់ ICJ នោះ តំបន់ទាំងបួនខាងលើនឹងមិនត្រូវបានដាក់បញ្ចូលក្នុងរបៀបវារៈនៃសម័យប្រជុំ JBC នាពេលខាងមុខនោះទេ។

កម្ពុជាសង្ឃឹមថា ថៃនឹងសហការគ្នាបញ្ជូនសំណុំរឿងនេះទៅតុលាការយុត្តិធម៌អន្តរជាតិ ក្នុងស្មារតីយុត្តិធម៌ ការកសាងទំនុកចិត្ត មិត្តភាពយូរអង្វែង និងភាពជាអ្នកជិតខាងល្អ៕
