ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំឲ្យវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ត្រូវបន្តពង្រីកវឌ្ឍនភាព និងនវានុវត្តន៍ស្រាវជ្រាវរួមគ្នា ក្រោមការចង្អុលបង្ហាញ របស់វិទ្យាស្ថានប៉ាស្ទ័រប៉ារីស-បារាំង និងក្រសួងសុខាភិបាលកម្ពុជា។

នេះជាប្រសាសន៍របស់សាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសទទួលជួបសំណេះសំណាល ជាមួយគណៈប្រតិភូបារាំងមកពីវិទ្យាស្ថានប៉ាស្ទ័រប៉ារីស ដឹកនាំដោយលោកស្រី Odette TOMESCU-HATTO អនុប្រធានប្រតិបត្តិ នៃនាយកដ្ឋានកិច្ចការអន្តរជាតិ រួមដំណើរដោយលោកសាស្ត្រាចារ្យ Pr André SPIEGEL នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នាថ្ងៃទី៤ មិថុនា ។

លោកសាស្ត្រាចារ្យ ឈាង រ៉ា បានកោតសរសើរវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា ដែលរួមចំណែកជាមួយក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខភាព សាធារណៈនៅកម្ពុជារយៈពេលជិត៧០ឆ្នាំមកហើយ។

សាស្ត្រាចារ្យរដ្ឋមន្ត្រី បានបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ រវាងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងក្រសួងសុខាភិបាល និងស្នើសុំឲ្យពង្រីកកិច្ចសហការ និងបន្តការផ្ទេរបច្ចេកវិទ្យា ចែករំលែកបទពិសោធន៍ ជូនដល់មន្ត្រីសុខាភិបាល ក្នុងការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ឲ្យកាន់តែប្រសើរឡើង ។ សាស្ត្រាចារ្យរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីដំណើរទស្សនកិច្ចរបស់គណៈប្រតិភូបារាំងមកពីវិទ្យាស្ថានប៉ាស្ទ័រប៉ារីសថា នេះបានបង្ហាញពីទំនាក់ទំនងដ៏រឹងមាំ និងយូរអង្វែងរវាងកម្ពុជា និងបារាំងក្នុងវិស័យសុខាភិបាល និងការយកចិត្តទុកដាក់រួមគ្នាក្នុងការជំរុញចំណេះដឹង វិទ្យាសាស្ត្រ និងសុខភាពសាធារណៈ។

ចំណែកលោកស្រី Odette TOMESCU-HATTO បានប្តេជ្ញាចិត្តរបស់វិទ្យាស្ថានប៉ាស្ទ័រប៉ារីស ក្នុងការចូលរួមគាំទ្រគំនិតផ្តួចផ្តើមផ្នែកសុខាភិបាលនៅកម្ពុជា និងបន្តធ្វើការជាមួយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្នុងដើរតួនាទីដ៏សំខាន់ឆ្លើយតប បានទៅនឹងតម្រូវការនៃសុខភាព សាធារណៈរបស់កម្ពុជា តាមរយៈក្រសួងសុខាភិបាល ។ ភាគីទាំងពីរបានទទួលស្គាល់ពីសារៈសំខាន់នៃការបន្តការផ្លាស់ប្តូរបទពិសោធន៍ របកគំហើញវិទ្យាសាស្ត្រ និងគម្រោងកិច្ចសហប្រតិបត្តិការនានា ក្នុងការដោះស្រាយបញ្ហា ប្រឈមផ្នែកសុខភាពជាសកល៕










