ភ្នំពេញ ៖ លោក Michael Heiman នាយកអង្គការ APOPO បានលើកឡើងថា អង្គការ កំពុងអនុវត្តគម្រោង ប្រែក្លាយពីចម្ការមីនទៅជាវាលស្រែ (Minefields to Ricefileds project) ក្នុងខេត្តព្រះវិហារ ហើយគម្រោងនេះ ថែមទាំងរួមចំណែកលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង ។
ការលើកឡើង លោក Michael Heiman នាយកអង្គការ APOPO នាឱកាសអញ្ជើញ ចូលជួបសម្ដែងការគួរសមជាមួយ លោក លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីធ្វើសេចក្តីរាយការណ៍អំពីវឌ្ឍនភាព នៃកិច្ចប្រតិបត្តិការសកម្មភាពមីនរបស់អង្គការ APOPO នៅកម្ពុជា ។

ក្នុងឱកាសនោះ លោក Michael Heiman បានសម្តែងនូវការអំណរគុណចំពោះអាជ្ញាធរមីន ដែលផ្តល់ការគាំទ្រ និងកិច្ចសហការដល់អង្គការ APOPO ក្នុងកិច្ចប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា ដែលបច្ចុប្បន្ននេះ កិច្ចប្រត្តិបត្តិការរបស់អង្គការ APOPO មួយផ្នែកធំបានទទួលការគាំទ្រពីប្រទេសបែលហ្សិក និងចក្រភពអង់គ្លេស ក្រោមកិច្ចសហការជាមួយអង្គភាព CMAC និងអង្គការ MAG ទៅតាមតំបន់ប្រតិបត្តិការ។
លោក បន្តទៀតថា ក្រៅពីកិច្ចប្រតិបត្តិការនៅទីវាល អង្គការ APOPO បានបង្កើតនូវមជ្ឈមណ្ឌលមួយក្នុងទីរួមខេត្តសៀមរាប (Visitor Center) ដោយតាំងបង្ហាញ នូវផែនទីតំបន់គម្រាម រូបភាពកិច្ចប្រតិបត្តិការ ការបង្ហាញ អំពីសត្វកណ្តុរហិតរកមីន /គ្រាប់ជាដើម ដើម្បីបង្ហាញជូនភ្ញៀវ ជាតិ-អន្តរជាតិចូលទស្សនា ស្វែងយល់ អំពីកិច្ចប្រតិបត្តិការបោសសម្អាត មនុស្សធម៌ របស់អង្គការ APOPO នៅកម្ពុជា ដែលរហូតដល់ពេលនេះ មានភ្ញៀវចូលទស្សនាប្រមាណ ជាង ៦៥០០០នាក់ រួមទាំងគណៈប្រតិភូជាន់ខ្ពស់ផងដែរ។

ជាងនេះទៅទៀត អង្គការ APOPO បាននឹងកំពុងអនុវត្តគម្រោងប្រែក្លាយ ពីចម្ការមីនទៅជាវាលស្រែ (Minefields to Ricefileds project) ក្នុងខេត្តព្រះវិហារ ដែលការអនុវត្តគម្រោងនេះ មិនត្រឹមតែធ្វើការ បោសសម្អាតមីន ឱ្យអស់ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកក្នុងការលើកកម្ពស់ ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ផងដែរ ។ ក្នុងនោះ លោក Michael Heiman បានស្នើសុំឱ្យមានការគាំទ្របន្ថែមពីអាជ្ញាធរមីន។
លោកទេសរដ្ឋមន្រ្តី បានកោតសរសើរ និង ថ្លែងអំណរគុណដល់អង្គការ APOPO ដែលបានចូលរួមគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងវិស័យសកម្មភាពមីនកម្ពុជា រួមទាំងគាំទ្រ ភាពជាប្រធានរបស់កម្ពុជានៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ កន្លងមកនេះ។

ជាមួយគ្នានោះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពីសារៈសំខាន់ក្នុងភាពជាដៃគូ រវាងអាជ្ញាធរមីន និងអង្គការ APOPO។ ដោយឡែក ពាក់ព័ន្ធនឹងការអនុវត្តគម្រោង Minefields to Ricefileds project លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា អាជ្ញាធរមីន នឹងបន្តគាំទ្រចំពោះគម្រោងនេះ ហើយអាចនឹងពិចារណា បង្កើតឱ្យក្រុមការងារចំពោះកិច្ច ដែលដឹកនាំដោយអាជ្ញាធរមីន ក្នុងការជួយគាំទ្រ សម្របសម្រួល និងស្វែងរកកិច្ចសហការ ជាមួយបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងក្រោមជាតិ៕
