ព័ត៌មានជាតិ

អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ យុវជនជំនាន់នេះ មានឱកាសច្រើន ដើម្បីក្លាយជាមូលធនមនុស្ស ប៉ុន្តែឱកាសមិនរត់រកក្មួយៗនោះទេ

បាត់ដំបង ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល បានលើកឡើងថា យុវជនជំនាន់នេះមានឱកាសរៀនសូត្រច្រើនណាស់ បើធៀប ជាមួយយុវជនជំនាន់មុន ដូច្នេះពួកគេត្រូវចាប់យកឱកាស ដើម្បីក្លាយជាមូលធនមនុស្សខ្លាំង ជាងរៀមច្បងរបស់ខ្លួន ដើម្បីបន្តការអភិវឌ្ឍន៍ ប្រទេសឱ្យកាន់តែជឿនលឿនទៅមុខ ។

ក្នុងឱកាសធ្វើបាឋកថា នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបាត់ដំបង (UME) នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល បានកោតសរសើរ យុវជនជំនាន់នេះថា មានសំណាងបានកើតនិងធំធាត់ ក្នុងសម័យសន្តិភាព និងមានឱកាសគ្រប់គ្រាន់ ក្នុងការសិក្សា ក្នុងស្ថានភាពដ៏អំណោយផល ។ «ទោះយ៉ាងណាឱកាសមិនរត់មករកក្មួយៗទេ ប្រសិនបើក្មួយៗមិនខិតខំស្រវាស្រទេញ ចាប់យកវាដោយខ្លួនឯងទេនោះ» ។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោក ប៉ែន បូណា ដោយមិនភ្លេចរំលឹកពីជីវិតយុវវ័យដ៏ជូរចត់ និងការតស៊ូរៀនសូត្រ ក្នុងស្ថានភាពដ៏លំបាកលំបិន និងយឺតពេលរបស់យុវជនជំនាន់មុន ក្នុងនោះក៏មានរូបឯកឧត្តមផ្ទាល់មួយរូបផងដែរ។

លោក ប៉ែន បូណា បានរំលឹកថា ការសិក្សារបស់យុវជនជំនាន់មុន ត្រូវបានរារាំងដោយសារសង្គ្រាម និងរបបប្រល័យពូជសាសន៍ដែលក្នុងអំឡុងពេលនោះ កុមារនិងក្មេងជំទង់ មិនបានរៀនសូត្រ ខណៈដែលអ្នកចេះដឹង ត្រូវបានសម្លាប់ស្ទើរគ្មានសល់។ «ដូច្នេះ តើថ្នាក់ដឹកនាំរៀមច្បងយើង ជួបការលំបាកយ៉ាង ណាក្រោយចេញ ពីរបបប៉ុល ពត ទម្រាំកសាងប្រទេសឡើងវិញ ពីគំនរផេះបានដូចសព្វថ្ងៃ?»។ នេះគឺជាសំណួរដែលអ្នកនាំពាក្យ រាជរដ្ឋាភិបាលចោទសួរដើម្បីពញាក់ស្មារតីយុវជនជំនាន់ក្រោយឱ្យខិតខំប្រឹងប្រែងនិងចាប់យកឱកាសដើម្បីក្លាយជាមូលធនមនុស្សដែលពោរពេញដោយសមត្ថភាពខ្ពស់ សុខភាពរឹងមាំ និងសីលធម៌ល្អ ស្របតាមមុំទី១ នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ។

លោក ប៉ែន បូណា បញ្ជាក់ថា សន្តិភាពមានហើយ សាលារៀនក៏មាននៅគ្រប់ទិសទី ខណៈដែលសម្ភារៈសិក្សាក៏សម្បូរបែប ដូច្នេះ នៅសល់តែម្យ៉ាងគត់គឺ កិច្ចខិតខំប្រឹងប្រែងរបស់ក្មួយៗដោយខ្លួនឯងដែលជាកត្តាកំណត់ចុងក្រោយអំពីសមត្ថភាពរបស់ក្មួយៗថាតើក្មួយអាចធ្វើខ្លួនឱ្យក្លាយជាមូលធនមនុស្សប្រកបដោយគុណភាពខ្លាំងជាងរៀមច្បងជំនាន់មុនបានដែរឬទេ? ឯកឧត្តមសង្ឃឹមថា ប្រាកដជាអាចធ្វើបាន។

សូមបញ្ជាក់ថា បាឋកថានេះមានការចូលរួមពី លោកបណ្ឌិត ទុន ភក្តី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបាត់ដំបង និងមានការចូលរួមពីនិស្សិតថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ សរុបចំនួន ១៥០នាក់៕

To Top