ភ្នំពេញ៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ការចាប់ខ្លួនលោក ឌឿក ឆាន អនុប្រធានគណៈកម្មាធការប្រតិបត្តិគណបក្សភ្លើងទៀន ខណ្ឌមានជ័យ និងជាចៅសង្កាត់រងទី២ នៃសង្កាត់មានជ័យទី១ មិនពាក់ព័ន្ធទៅនឹងការធ្វើសកម្មភាពនយោបាយនោះទេ ។
បើតាមសេចក្តីប្រកាសព័ត៌មាន ជុំវិញការឃាត់ខ្លួនចៅសង្កាត់រងទី២ គណបក្សភ្លើងទៀន របស់អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃ៤ មិថុនា គឺសមត្ថកិច្ចការចាប់ខ្លួនបុគ្គលនេះ អនុវត្តតាមដីការបស់លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រោយសមត្ថកិច្ចទទួលពាក្យបណ្ដឹងពីឈ្មោះ ឡេង វ៉ាន់ឌី ហើយបានធ្វើការស្រាវជ្រាវស៊ើបអង្កេត ដោយយោងតាមចម្លើយសារភាព និងប្រមូលបានភស្តុតាង គឺបុគ្គលនេះពិតជាបានប្រព្រឹត្តសកម្មភាពក្លែងបន្លំឯកសារសារធារណៈ ប្រាកដមែន។
អ្នកនាំពាក្យបញ្ជាក់ថា “ការឃាត់ខ្លួនជនសង្ស័យខាងលើ គឺសមត្ថកិច្ចអនុវត្តទៅតាមអង្គហេតុ និងអង្គច្បាប់នៃការប្រព្រឹត្តបទល្មើសដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ ដោយមិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ ឬការគាបសង្កត់ បំភិតបំភ័យ និងការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយដល់សមាជិកគណបក្សនយោបាយណាមួយឡើយ” ។
ជាមួយគ្នានេះដែរ អ្នកនាំពាក្យក៏បានបដិសេធ និងច្រានចោលទាំងស្រុងការចោទប្រកាន់ទាំងបំពាន ដោយគ្មានមូលដ្ឋានច្បាស់លាស់របស់គណបក្សភ្លើងទៀន ។ ក្រោយសមត្ថកិច្ចចាប់លោក ឌឿក ឆាន កាលពីថ្ងៃ៣ មិថុនា គណបក្សភ្លើងទៀនបានចេញសេចក្តីថ្លែងការណ៍ភ្លាមៗផងដែរ ដោយចាត់ទុកថា ការចាប់ខ្លួនសមាជិករបស់គណបក្ស គឺជាការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញតាមគ្រប់រូបភាព ក្នុងគោលបំណងរារាំងការធ្វើសកម្មភាពនយោបាយស្របច្បាប់របស់គណបក្សនៅទូទាំងប្រទេស៕
