ភ្នំពេញ ៖ លោក សយ សុភាពអគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដែលបានចុះផ្តិចយកព្រឹត្តិការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃកាលពីអំឡុងឆ្នាំ២០០៨ ហើយថ្មីៗនេះទៀតសោត លោកក៏បានទៅដល់តំបន់ប៉ះទង្គិចគ្នាមួយប្រាវ រវាងកងទ័ពកម្ពុជា-ថៃនៅតំបន់មុំបី បានលើកឡើង ជាទស្សនៈអំពីស្ថានការណ៍នៅប្រទេសថៃ នាពេលបច្ចុប្បន្នថា តើលោកផែថង់ថាន ស៊ីណាវ៉ាត់ត្រា ដែលកំពុងដឹកនាំរដ្ឋាភិបាលថៃ តើគួរលាលែងពីតំណែង ឬក៏ទុកឲ្យយោធាធ្វើរដ្ឋប្រហារទម្លាក់ពីអំណាច ? ។

ខណៈប្រទេសថៃ កំពុងស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជា លោក សយ សុភាព បានលើកឡើងក្នុងបណ្តាញសង្គមហ្វេសប៊ុកនាថ្ងៃ ៥ មិថុនា ថា ថៃអាចប្រឈមមុខទៅ នឹងវិបត្តិផ្ទៃក្នុងសារជាថ្មី រវាងក្រុមយោធា និងរដ្ឋាភិបាលកូនស្រី របស់លោក ថាក់ ស៊ីន ។ ការលេចចេញ នូវស្ថានភាពបែបនេះ ក្រោយកម្ពុជា បានប្រកាសប្រាប់ប្រជាជាតិខ្មែរ ទាំងមូលថា រាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំសំណុំឯកសារពាក់ព័ន្ធនានា ប្តឹងថៃ ទៅតុលាការអន្តរជាតិទីក្រុងឡាអេ ចំនួនបួនទីតាំងសំខាន់ៗ ៖ គឺប្រាសាទតាមន្តធំ ប្រាសាទតាមន្តតូច ប្រាសាទតាក្របី និងតំបន់មុំបី ក្រោយមានជម្លោះជាមួយគ្នា កាលពីព្រឹកថ្ងៃ២៨ ឧសភា ។
ក្នុងនោះ រដ្ឋាភិបាលថៃបានប្រាប់កម្ពុជាថា មិនបាច់ដាក់ពាក្យបណ្តឹង ទៅកាន់តុលាការក្រុងឡាអេទេ ដោយចង់ឲ្យគណៈកម្មការព្រំដែនគោក រវាងប្រទេសទាំង២ ជួបប្រជុំចរចា ដោយសន្តិវិធីចំពោះយន្តការដែលមានស្រាប់វិញ នាថ្ងៃ១៤ មិថុនា ខាងមុខ ព្រោះថៃបានចាញ់ក្តីខ្មែររឿង ប្រាសាទព្រះវិហារនៅតុលាការក្រុងឡាអេ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ។
ចំណុចនេះ ត្រូវបានលោក សយ សុភាព មើលឃើញថា សម្រាប់កម្ពុជា បានធុញទ្រាន់នឹងថៃ ដោយថៃមានល្បិចកលពុតត្បុតអាក្រក់ណាស់ (ខ្មែរមិនចោលក្បិន ចិនមិនចោលក្បួន យួនមិនចោលពុត សៀមសុតត្រុតមិនចោលចែចូវ) នេះជាពាក្យសុភាសិតបុរាណរបស់ខ្មែរ ។

ដូច្នេះលោកថា រដ្ឋាភិបាលរបស់ថៃ មិនមានអំណាចបញ្ជាទាហានរបស់ថៃទេ ។ ពោលរដ្ឋាភិបាលថៃគ្រាន់តែជាសេក និងអាយ៉ងរបស់យោធាតែប៉ុណ្ណោះ។ ដោយលោកគូសបញ្ជាក់ថា “ឥឡូវជំរើសដែលត្រូវប្រកាន់យកថា តើលោកស្រី តែថង់ថាន ស៊ីណាវ៉ាត់ត្រា លាលែងពីតំណែងពីតំណែង ឬទុកឲ្យក្រុមយោធាធ្វើរដ្ឋប្រហារ?”។
លោកបន្តថា តែកាលណាយោធាធ្វើរដ្ឋប្រហារ អំណាចនៅក្នុងដៃយោធាហើយៗ ត្រកូល ថាក់ ស៊ីន នឹងត្រូវប្រឈមបញ្ហារាប់មិនអស់សារជាថ្មី។ ដូចនេះហួសពេលហើយ ដែលថៃស្នើសុំប្រជុំគណៈកម្មការព្រំដែន ដោយគេចវេះតុលាការអន្តរជាតិ នៅទីក្រុងឡាអេ ប្រទេសហូឡង់ ៕
