ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន អនុញ្ញាតឱ្យតំណាងទូតអាល្លឺម៉ង់ និងក្រុមការងារចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យតំណាងស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា និងក្រុមការងារបេសកកម្មធនាគាអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) និងសហភាពអ៊ឺរ៉ុប (EU) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជាកិច្ចចាប់ផ្តើម លោករដ្ឋមន្ត្រី បានជម្រាបជូនប្រតិភូ ទាំអស់អំពីចក្ខុវិស័យ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបន្តវេនពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាសន្តិភាពនៃកម្ពុជា ។ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ មានបាវចនាចំនួន៥ គឺ៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងគន្លឹះអាទិភាពចំនួន ៥ ទៀតរួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល សំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។

លោករដ្ឋមន្ត្រី ក៏បានបន្តលើកឡើងអំពីសមិទ្ធផលនានា ដែលសម្រេចបានកន្លងមក និងទិសដៅអាទិភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈចក្ខុវិស័យ “ការកសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព, បរិយាបន្ន, នវានុវត្តន៍, ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ធានាបានកំណើនប្រាក់ចំណូលក្នុងគ្រួសារប្រកបដោយចីរភាព និងមានសុខុមាលភាពកាន់តែល្អប្រសើរឡើង។

ក្នុងនោះក្រសួងបានដាក់ចេញនូវយុទ្ធសាស្ត្រចំនួន ៥ រួមមាន៖ (ទី១)ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់, (ទី២)ការលើកកម្ពស់សុខភាព អនាម័យ និងបរិស្ថានរស់នៅរបស់សហគមន៍ជនបទ,(ទី៣) ការអភិវឌ្ឍសហគមន៍ជនបទ (ទី៤)ពិពិធកម្មសេដ្ឋកិច្ចជនបទ និងនវានុវត្តន៍ការងារ និង(ទី៥)ការពង្រឹងស្ថាប័នតាមរយៈការរៀបចំគោលនយោបាយ ហិរញ្ញវត្ថុ ឌីជីថល និងសហប្រតិបត្តិការ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការរវាងក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយដៃគូអភិវឌ្ឍន៍នានា ជាពិសេសជាមួយ KfW, AFD, EU កន្លងមក ដែលបានគាំទ្រយុទ្ធសាស្រ្តអាទិភាពទាំង ៥របស់ក្រសួង ដើម្បីអភិវឌ្ឍន៍តំបន់ជនបទកម្ពុជាឱ្យមានការរីកចម្រើន។

លោក Gidon Windecker តំណាងស្ថានទូតអាល្លឺម៉ង់ បានថ្លែងអំណរគុណចំពោះលោករដ្ឋមន្ត្រី ដែលបានអនុញ្ញាត្តជូនលោក និងប្រតិភូបានជួបសំណេះសំណាង និងពិភាក្សាការងារនាពេលនេះ។

លោកក៏បានលើកឡើងថាកម្ពុជា និងអាល្លឺម៉ងមានទំនាក់ទំនងការទូតជាមួយគ្នា ៣២ឆ្នាំមកហើយ ដោយភាគីអាល្លឺម៉ង បានផ្តល់ជាហិរញ្ញប្បទានសម្បទាន និងឥតសំណងមកកាន់កម្ពុជា ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ ប្រមាណជាង ២ ០០០គ.ម, ស្ពានបេតុងចំនួន ៩២, ស្រះនិង អណ្តូងទឹកជាច្រើន។ បន្ថែមពីនេះតាមរយៈ គម្រោងកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ សម្រាប់កម្ពុជា (RID4CAM) ក្រោមហិរញ្ញប្បទានរបស់ KfW, AFD និង EU ផ្លូវដែលធន់និងការប្រែប្រួលអាកាសធាតុបានប្រមាណជាង ៥២០ គីឡូម៉ែត្រទៀត នឹងត្រូវបានស្ថាបនា។

លោកក៏បានធ្វើការថ្លែងអំណរគុណ ចំពោះក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អ ក្នុងការអនុវត្តគម្រោង។ ក្នុងន័យនេះលោក Gidon Windecker បានលើកឡើងទៀតថារដ្ឋាភិបាលនៃសហព័ន្ធអាល្លឺម៉ង់ ក៏ដូចជាសហគមន៍ អឺរ៉ុប នៅតែបន្តគាំទ្រ និងបន្តកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យកាន់តែមានភាពស្អិតរមួតបន្ថែមទៀត។

មុននឹងបញ្ចប់ លោករដ្ឋមន្ត្រីក៏បានលើកជាសំណូមពរជូន ដល់ដៃគូរអភិវឌ្ឍន៍ដែលអញ្ជើញមកនាពេលនេះ ពិនិត្យលើលទ្ធភាពក្នុងការគាំទ្រ លើការស្នើគម្រោងកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ សម្រាប់កម្ពុជាជំហាន២ ដោយបញ្ចូលការបណ្តុះបណ្តាលជំនាញបច្ចេកទេស, ការគាំទ្រលើប្រព័ន្ធឌីជីថល សម្រាប់គ្រប់គ្រងបញ្ជីសារពើភណ្ឌផ្លូវជនបទ, ក៏ដូចជាថវិកាបដិភាគសម្រាប់ថែទាំផ្លូវ ក្រោយបញ្ចប់គម្រោងផងដែរ។

ជាកិច្ចបញ្ចប់ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា និងក្រុមការងារបេសកកម្មធនាគាអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) និងសហភាពអ៊ឺរ៉ុប (EU) ដែលបានអញ្ជើញមកនាពេលនេះ និងថ្លែងអំណរគុណចំពោះការប្តេជ្ញាចិត្ត ក្នុងការបន្តកិច្ចសហប្រតិបត្តិការ នាពេលអនាគត៕

To Top