ព័ត៌មានជាតិ

អាគារមរតកតេជោ ផុសឡើងកណ្តាលខេត្តតាកែវកំពុងបណ្តុះបណ្តាលជំនាញ ដល់យុវជនជិត៣ពាន់នាក់

ភ្នំពេញ៖ អាគារមរតកតេជោដែលមានកំពស់ ៧ជាន់ មាន១៣៥បន្ទប់ សាងសង់លើផ្ទៃដីជិត ៤ហិកតា ស្ថិតនៅក្នុងបរិវេណវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន តាកែវ កំពុងបណ្តុះបណ្តាលជំនាញនានាដល់យុវជនប្រមាណជាជិត៣ពាន់នាក់។

អាគារនេះ ជាគំរោងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានសាងសង់រួចនៅលើទឹកដីអតីត ព្រះមហាក្សត្រីព្រះនាង លីវ យី ដែលជាអាគារសម្រាប់បណ្តុះបណ្តាលវិជ្ជាជីវៈដល់កូនខ្មែរ នៅខេត្ត តាកែវ និងមកពីខេត្តកំពង់ស្ពឺ កណ្តាល កំពត និងខេត្តផ្សេងទៀត។

អាគារដ៏ធំស្កឹមស្កៃផុសកណ្តាលបេះដូងខេត្តតាកែវ មានតួនាទីយ៉ាងសំខាន់សម្រាប់បណ្តុះបណ្តាលជំនាញ បច្ចេកទេស ដូចជា ព័ត៌មានវិទ្យា អគ្គិសនី សំណង់ ជួសជុលរថយន្ត ម៉ាសុីនត្រជាក់ និងកសិកម្ម។

បច្ចុប្បន្ន អាគារមាននិសិត្សជិត ៣០០០នាក់កំពុងសិក្សា។
ចំពោះនិស្សិតម្នាក់ដែលមានប័ណ្ណក្រីក្រនិងហានិភ័យទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាល ២០មុឺនរៀល ក្នុងមួយខែរយៈពេលរៀន៤ខែ។

វិទ្យាស្ថានបណ្តុះបណ្តាលនេះមានកំរិតបរិញ្ញបត្ររង ២ឆ្នាំ និងបរិញ្ញាបត្រ ៤ឆ្នាំ។

វិទ្យាស្ថាននេះក៏មានអន្តេវេសិកដ្ឋានដែលមាននិស្សិតជិត ៦០០នាក់អាចស្នាក់នៅបាន។ នេះជាមោទកភាព របស់ខេត្តតាកែវ ។ សម្រាប់ខេត្តតាកែវនេះ ក្រៅពីគម្រោងព្រែកជីកហ្វូណនតេជោហើយ ក៏មានរោងចក្រមួយចំនួនកំពុងដំណើរសាងសង់ជាបន្តបន្ទាប់៕

To Top