ព័ត៌មានជាតិ

អាងទឹកទន្លេមេគង្គ រួមទាំងកម្ពុជា នឹងមានបរិមាណទឹកភ្លៀង ពីមធ្យមទៅបង្គួរ

ភ្នំពេញ ៖ យោងតាមការព្យាករកម្ពស់ទឹកជំនន់ទន្លេមេគង្គ លើកទី១ ប្រចាំឆ្នាំ២០២៥របស់ក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃ៦ មិថុនា នេះ បានឲ្យដឹងថា ចាប់ពីខែមិថុនាដល់ខែកញ្ញា នឹងធ្វើឲ្យទឹកនៅក្នុងអាងទន្លេមេគង្គ រួមទាំងកម្ពុជាផង មានបរិមាណទឹកភ្លៀងពីមធ្យមទៅបង្គួរ និងផ្នែកខ្លះមានភ្លៀងធ្លាក់ច្រើន ដែលអាចបណ្តាលឲ្យកើតមាន ជំនន់ទឹកភ្លៀងនៅតាមដងស្ទឹង និងដៃទន្លេ ។

ការអះអាងរបស់ក្រសួងធនធានទឹកនេះ បន្ទាប់ពីក្រសួងបានព្យាករថា ក្នុងខែឧសភា កម្ពុជាទទួលរងឥទ្ធិពលពីបាតុភូតអែនសូ (ENSO Neutral) ១០០%។ ក្នុងនោះចាប់ពីខែមិថុនា ដល់ខែកញ្ញា បាតុភូតអែលនីណូ (El Niño) ១០% និងបាតុភូតអែនសូ (ENSO Neutral) បានថយចុះជាបន្តបន្ទាប់ពី ១០០% មកនៅ ៦០% ដែលជាបាតុភូតចន្លោះរវាងបាតុភូតអែលនីណូ និងឡានីញ៉ា (La Niña) ហើយបាតុភូតឡានីញ៉ា អាចនឹងកើនឡើងពី១០% ទៅ៣០%។ លក្ខណៈបែបនេះ នឹងធ្វើឲ្យទឹកនៅក្នុងអាងទន្លេមេគង្គ រួមទាំងកម្ពុជាផង មានបរិមាណទឹកភ្លៀងពីមធ្យមទៅបង្គួរ និងផ្នែកខ្លះមានភ្លៀងធ្លាក់ច្រើន ដែលអាចបណ្តាល ឲ្យកើតមានជំនន់ទឹកភ្លៀងនៅតាមស្ទឹង និងដៃទន្លេ។

ក្រសួងបញ្ជាក់ទៀតថា ចំពោះស្ថានភាពទឹកទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាបដែលមានទន្លេមេគង្គ-ស្ទឹងត្រែង ទឹកមានកម្ពស់ប្រហាក់ប្រហែល និងខ្ពស់ជាងមធ្យមច្រើនឆ្នាំប្រមាណ ០,៣០ម៉ែត្រ ។ ចំពោះទន្លេមេគង្គ-ក្រចេះ ទឹកមានកម្ពស់ប្រហាក់ប្រហែល និងខ្ពស់ជាងមធ្យមច្រើនឆ្នាំប្រមាណ ០,៥៨ម៉ែត្រ ។ សម្រាប់ទន្លេមេគង្គ-កំពង់ចាម ទឹកមានកម្ពស់ទាបជាងមធ្យមច្រើនឆ្នាំប្រមាណ ០,៣៩ម៉ែត្រ និងខ្ពស់ជាងមធ្យមច្រើន ឆ្នាំប្រមាណ ០,២៩ម៉ែត្រ ។ ដោយឡែកទន្លេបាសាក់-ចតុមុខ ទឹកមានកម្ពស់ប្រហាក់ប្រហែល និងទាបជាងមធ្យមច្រើនឆ្នាំប្រមាណ ០,៣០ម៉ែត្រ ខណៈបឹងទន្លេសាប-កំពង់លួង ទឹកមានកម្ពស់ទាបជាងមធ្យមច្រើនឆ្នាំប្រមាណ ០,៥៥ម៉ែត្រ។

ផ្អែកតាមលក្ខណៈនេះ ស្ថានភាពទឹកទន្លេមេគង្គ សម្រាប់ដើមឆ្នាំ២០២៥គឺទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ទឹកមានកម្ពស់ខ្ពស់ ជាងមធ្យមច្រើនឆ្នាំ ។ រីឯទន្លេមេគង្គក្នុងខេត្តកំពង់ចាម ទឹកមានកម្ពស់ទាបជាង និងខ្ពស់ជាងមធ្យមច្រើនឆ្នាំបន្តិចបន្តួច ។ ចំណែកឯទឹកទន្លេបាសាក់ ទន្លេសាប និងបឹងទន្លេសាប គឺទាបជាងមធ្យមច្រើនឆ្នាំ។

សរុបមក ការព្យាករទឹក ជំនន់ទន្លេមេគង្គលើកទី១ ដោយយោងលើស្ថានភាពទឹកទន្លេមេគង្គនាពេលបច្ចុប្បន្ន កត្តាអាកាសធាតុ និងការវិភាគលើទំនាក់ទំនង រវាងកម្ពស់ទឹកអប្បបរមានិងអតិបរមា ព្រមទាំងវិភាគលើវដ្តទឹក ការព្យាករលើកទី១ បានបង្ហាញថា នៅស្ថានីយជលសាស្រ្តទន្លេបាសាក់-ចតុមុខ ទឹកអាចមានកម្ពស់អតិបរមា៩,០៥ម៉ែត្រ ដែលចាត់ទុកជាប្រភេទជំនន់មធ្យម៕

To Top