រតនគិរី ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីសម្ពោធ “អគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន និងអគារពិសោធន៍ ព្រមទាំងសមិទ្ធផលនានា នៅក្នុងខេត្តរតនគិរី” នៅព្រឹកថ្ងៃសៅរ៍ ទី៧ ខែមិថុនា ឆ្នាំ២០២៥ ។

រតនគិរីជាខេត្តមួយស្ថិតនៅភាគឦសាន នៃប្រទេសកម្ពុជា មានចម្ងាយជិត ៦០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ បើទោះបីខេត្តមួយនេះស្ថិតនៅឆ្ងាយ យ៉ាងណាក្តី តែក្រោមនយោបាយលើកកម្ពស់ ការអប់រំក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន តាំងពីក្រោយកម្ពុជារំដោះចេញ ពីរបបប្រល័យពូជសាសន៍ នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩មកនោះ ការអប់រំនៅក្នុងរតនគិរី ក៏ទទួលបានការយកចិត្ត ទុកដាក់ខ្ពស់ផងដែរ។

ដើម្បីផ្តល់ឱកាសឱ្យកូនចៅ ប្រជាពលរដ្ឋក្នុងខេត្តរតនគិរី ទទួលបានការអប់រំមួយល្អប្រសើរ ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ លើការងារអប់រំត្រូវបានពង្រឹង និងពង្រីកជាបន្ទាប់ ដូចជាការបង្កើតសាលាថ្មី ការសាងសង់អគារសិក្សា អគារស្នាក់នៅ អគារទីចាត់ការ អគារពិសោធន៍ និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត៕
