ភ្នំពេញ៖ យោងតាមសេចក្តីរាយការណ៍ព័ត៌មាន បានឱ្យដឹងថា នៅវេលាម៉ោង ១៖១១នាទីរសៀល ថ្ងៃទី៧ មិថុនានេះ មានកម្លាំងទាហ៊ានប៉ារ៉ាថៃ ចំនួន ៦ នាក់ បានចុះមកចំណុចប៉ុស្តិ៍អន្តោប្រវេសន៍របស់ភាគីថៃ ប៉ុស្តិ៍ច្រកទ្វារតំបន់ព្រំដែនតាប្រាយ៉ា ទល់មុខជាមួយខាងកម្ពុជា ប៉ុស្តិ៍នគរបាលច្រកទ្វារតំបន់បឹងត្រកួន។
សេចក្ដីរាយការណ៍បានឲ្យដឹងទៀតថា កម្លាំងទាហានប៉ារ៉ាថៃ បានធ្វើការទាញប៉ារ៉ាសរបស់ប៉ូលិសអន្តោប្រវេសន៍ថៃ បិទរាល់ការចេញ ចូល ឆ្លងកាត់ព្រំដែន តាមច្រកទ្វារតំបន់ព្រំដែន រវាងកម្ពុជានឹងថៃ ការបិទច្រកខាងលើនេះភាគីថៃ មិនបានជូនដំណឹងមកខាងកម្ពុជានោះទេ(បិទឯកតោភាគី) ។

ជុំវិញបញ្ហានេះដែរលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ បានអះអាងថា ច្រកទ្វារតំបន់ និងអន្ដរជាតិ បើកដំណើរការធម្មតា មិនមានការបិទនោះទេ ខណៈកម្លាំងយោធាថៃ បានសម្រេចបិទច្រករបៀងជាមួយកម្ពុជាដោយឯកតោភាគី ដែលមានទីតាំងក្នុងភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ។ សម្រាប់ច្រកទ្វារអន្ដរជាតិ គឺច្រកទ្វារអន្ដរជាតិប៉ោយប៉ែត និងច្រកទ្វារអន្ដរជាតិស្ទឹងបត់, ច្រកទ្វារតំបន់ គឺច្រកបឹងត្រកួន និងច្រកទ្វារម៉ាឡៃ បន្ដបើកដំណើរការធម្មតា។ ប៉ុន្ដែខុសប្លែកនៅត្រង់ច្រកទ្វារម៉ាឡៃបន្ដិច ដោយសារអនុញ្ញាតឲ្យតែមនុស្សចេញចូលប៉ុណ្ណោះ សម្រាប់រទេះ និងរថយន្ដ ត្រូវផ្អាកបណ្ដោះអាសន្ន។
ក្រៅពីការបញ្ជាក់របស់អភិបាលខេត្តបន្ទាយមានជ័យ, លោក គឹម សុវណ្ណា អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ តាមរយៈលិខិតទៅកាន់ក្រសួងការបរទេស បានអះអាងដែរថា យោធាថៃដែលប្រចាំការនៅតំបន់ព្រំដែនខេត្តស្រះកែវ បានឲ្យដឹងថា ចាប់ពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ តទៅច្រកតំបន់ និងច្រករបៀង រវាងព្រំដែនថៃ និងកម្ពុជា ត្រូវបានបិទជាបណ្ដោះអាសន្ន (ឯកតោភាគី) ដើម្បីរង់ចាំការចចារពាក់ព័ន្ធករណីជម្លោះវិវាទព្រំដែនគោករវាងថៃ-កម្ពុជា។

លោកបានបន្ថែមទៀតថា ការបិទបណ្ដោះអាសន្ននេះ បន្ទាប់ពីភាគីកម្ពុជាបានបដិសេធមិនព្រមចរចា៤ចំណុច គឺតំបន់ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់មុំបី នៅក្នុងកិច្ចប្រជុំពេញអង្គគណៈកម្មាធិការចម្រុះព្រំដែន (JBC) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២៥ ខាងមុខនេះ ដោយទាមទារឲ្យភាគីថៃ ដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)៕
