ព័ត៌មានជាតិ

សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រៀបចំពិព័រណ៍អប់រំ នៃសន្និសីទ កិច្ចសហប្រតិបត្តិការ​ អន្តរជាតិ ប៊ែលធី លើក​ទី៨ (ប៊ី អាយ ស៊ី ស៊ី) និងវេទិកាស្រាវជ្រាវ លើកទី២ ឆ្នាំ២០២៥ ជាមួយសាកលវិទ្យាល័យដៃគូ ចំនួន ៣០ មក​ពី ១៤ប្រទេសជុំវិញពិភពលោក

ភ្នំពេញ ៖ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នាថ្ងៃទី៦-៧ ខែមិថុនា ឆ្នាំ២០២៥ បានរៀបចំពិព័រណ៍អប់រំ នៃសន្និសីទកិច្ចសហប្រតិបត្តិការ អន្តរជាតិ ប៊ែលធី លើកទី៨ ឆ្នាំ២០២៥-The 8th BICC – Education Fairs 2025 ស្តីពី “ឱកាសអាហារូបករណ៍ និងការរៀបចំជីវិតសិក្សា នៅក្រៅប្រទេស-The Scholarship Opportunities and Preparation for Overseas Study Life” និងវេទិកាស្រាវជ្រាវ លើកទី២ ឆ្នាំ២០២៥-The 2nd BICC – Research Forum 2025 ស្តីពី“តួនាទីរបស់គ្រឹះស្ថានឧត្តមសិក្សា ក្នុងការលើកកម្ពស់ការសិក្សាពេញមួយជីវិត-Roles of Higher Education Institutions in Promoting Lifelong Learning” ក្រោមអធិបតីភាព លោកបណ្ឌិត លី ឆេង តំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយកប៊ែលធីគ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី តំណាងក្រសួង-ស្ថាប័ន ព្រមទាំងមានការធ្វើបទបង្ហាញ ពីសាកលវិទ្យាល័យដៃគូចំនួន៣0 មកពី ១៤ប្រទេសជុំវិញពិភពលោក (កម្ពុជា អូស្ត្រាលី កាណាដា ចិន ជប៉ុន កូរ៉េខាងត្បូង ឡាវ ម៉ាឡេស៊ី ប៉ូឡូញ សិង្ហបុរី ស្វីស ថៃ អង់គ្លេស និងសហរដ្ឋអាម៉េរិក) ជូនសិស្ស-និស្សិតប៊ែលធី និងអ្នកអាណាព្យាបាល សរុបជាង ៥,០០០នាក់ ។

លោក លី ណាវុឌ្ឍ សាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានមានប្រសាសន៍ថា BICC គឺជាសន្និសីទ អន្តរជាតិ ដែលរៀបចំ ដោយសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយសាកលវិទ្យាល័យដៃគូ នៅឯក្រៅប្រទេស ដែលបានចុះអនុស្សារណៈយោគយល់គ្នា (MoU) ដើម្បីរួមចំណែកលើកកម្ពស់គុណភាពវិស័យអប់រំនៅកម្ពុជា ឱ្យមានការទទួលស្គាល់ជាអន្តរជាតិ ដែលផ្តោតលើ ៧ចំណុចសំខាន់ៗ ៖

១-ផ្សព្វផ្សាយអំពីវប្បធម៌ ការរីកចម្រើនលើវិស័យអប់រំ និងសេដ្ឋកិច្ច ក៏ដូចជាវិស័យផ្សេងៗ របស់កម្ពុជាទៅកាន់ពិភពលោក
២-បង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការភាព ជាដៃគូជាមួយគ្រឹះស្ថានអប់រំឯកជន និងសាធារណៈទាំងក្នុងប្រទេស និងក្រៅប្រទេស
៣-ផ្សព្វផ្សាយពីគ្រឹះស្ថានដៃគូល្បីៗ នៅតាមប្រទេសនានាជូនដល់សិស្ស-និស្សិតកម្ពុជា ជាពិសេសសិស្ស-និស្សិតប៊ែលធី
៤-បង្កើតនូវវេទិកាទំនាក់ទំនង សម្រាប់គ្រឹះស្ថានទាំងអស់ដែលបានចូលរួម
៥-ជំរុញ និងបង្កើនចំនួនសិស្ស-និស្សិតកម្ពុជា ទៅសិក្សានៅក្រៅប្រទេសឱ្យបានកាន់តែច្រើន
៦-ផ្សព្វផ្សាយពីឱកាសទទួលបានអាហារូបករណ៍ ជូនដល់សិស្ស-និស្សិតប៊ែលធី ក៏ដូចជាសិស្ស-និស្សិតទូទាំងប្រទេស ទៅបន្តការសិក្សានៅបរទេស
៧-ចូលរួមចំណែកអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជាជាមួយរាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និងកីឡាជាសេនាធិការ។

លោកសាកលវិទ្យាធិការ បានបន្ថែមថា ដើម្បីចូលរួមលើកកម្ពស់គុណភាព នៃការសិក្សាស្រាវជ្រាវ ឱ្យកាន់តែមានប្រសិទ្ធភាព និងស្តង់ដារ ដែលមានការទទួលស្គាល់ជាអន្តរជាតិ សាកលវិទ្យាល័យក៏បានរៀបចំ “វេទិកាស្រាវជ្រាវ លើកទី”២” ដោយមានការអញ្ជើញ ចូលរួមធ្វើបទបង្ហាញ និងកិច្ចពិភាក្សាចែករំលែកបទពិសោធន៍ និងស្នាដៃសិក្សាស្រាវជ្រាវ ពីវាគ្មិនជាតិ-អន្តរជាតិជាច្រើនរូបផងដែរ ។

នៅក្នុងពិធីបិទសន្និសីទនេះ ក៏មានការចែករំលែកបទពិសោធន៍ អំពីជីវិតសិក្សានៅក្រៅប្រទេស របស់អតីតសិស្សនិទ្ទេស-A ជានិស្សិតអាហារូបករណ៍ឧកញ៉ា លី ឆេង គឺកញ្ញា ទេព មល្លិកា ដែលបានបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យបាងកក នៃព្រះរាជាណាចក្រថៃ លើជំនាញយុទ្ធសាស្ត្រទំនាក់ទំនង និងផ្នត់គំនិត ផងដែរ ។

ក្នុងឱកាសនោះ លោកបណ្ឌិត លី ឆេង បានជម្រាបជូនអង្គសន្និសីទអំពី សន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា រួមទាំងវិស័យអប់រំ និងសេដ្ឋកិច្ច ជាពិសេសភាពលេចធ្លោនៃកិត្តិនាមនៅលើឆាកអន្តរជាតិរបស់កម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាច្រើនរូបទៀត ដែលមានចំណេះដឹងខ្ពង់ខ្ពស់ ប្រកបដោយសីលធម៌ និងគុណធម៌ខ្ពស់ ដែលនឹងបន្តដឹកនាំប្រទេសជាតិ ឆ្ពោះទៅសម្រេចទស្សនវិស័យអភិវឌ្ឍន៍កម្ពុជា ជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់ត្រឹម ឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។

លោកបណ្ឌិត ក៏បានថ្លែងអំណរគុណគ្រឹះស្ថានសិក្សាទាំង៣០ ដែលបានចំណាយ ពេលវេលា ដ៏មានតម្លៃអញ្ជើញចូលរួមសន្និសីទ ដ៏មានសារៈសំខាន់នេះ និងបានធ្វើបទបង្ហាញចែករំលែក ព័ត៌មានសិក្សា របស់សាកលវិទ្យាល័យខ្លួន ជូនដល់សិស្ស-និស្សិតកម្ពុជា ។ លោកបណ្ឌិត បានបន្ថែមថា សន្និសីទ BICC នឹងរួមចំណែកយ៉ាងធំធេង ក្នុងការបង្កើនមូលធនមនុស្ស ប្រកបដោយសមត្ថភាពនៅកម្ពុជា ក្នុងសម័យឌីជីថល ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល ដែលបានកំណត់វិស័យអាទិភាពគន្លឹះ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ។

ជាទីបញ្ចប់ លោកបណ្ឌិត ក៏បានលើកទឹកចិត្ត ដល់សាកលវិទ្យាល័យដៃគូទាំងអស់ បន្តចូលរួមសន្និសីទ BICC លើកទី៩ និងវេទិកាស្រាវជ្រាវ លើកទី៣ ឆ្នាំ២០២៦ ដើម្បីរួមគ្នាពង្រឹងគុណភាពអប់រំទាំង ថ្នាក់ជាតិ-អន្តរជាតិ ជាពិសេសបន្តពង្រឹង កិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ឱ្យបានកាន់តែប្រសើរបន្ថែមទៀត ៕

To Top