ភ្នំពេញ៖ វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ត្រៀមខ្លួនរួចរាល់ក្នុងការយកស្នាដៃរបស់និស្សិតចំនួន២ប្រភេទរួមមាន ម៉ាស៊ីនចិតដូងខ្ចី និងម៉ាស៊ីនសម្ងួតផ្លែឈើ សម្រាប់ដាក់បង្ហាញដល់សាធារណជនក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET Day) លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៥។

និសិ្សត លឿត វិសាល រៀនបរិញ្ញាបត្របច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ឆ្នាំទី៣ នៃវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ជាម្ចាស់ស្នាដៃម៉ាស៊ីនសម្ងួតផ្លែឈើបានប្រាប់ថា គាត់ពិតជាសប្បាយចិត្តដែលបានបង្កើតម៉ាស៊ីននេះឡើងជាមួយមិត្តរួមថ្នាក់ក្រោមការតម្រង់ទិសរបស់លោកគ្រូ អ្នកគ្រូ។

វិសាលបញ្ជាក់ថា៖ «ខ្ញុំពេញចិត្តការសិក្សានៅទីនេះជាខ្លាំង ព្រោះបានសិក្សាទាំងទ្រឹស្តី និងការអនុវត្តផ្ទាល់ជាច្រើនដែលជាការសិក្សាយ៉ាងមានប្រសិទ្ធភាពសម្រាប់និស្សិតបច្ចេកទេស។ ម៉ាស៊ីនសម្ងួតនេះ គឺជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលផ្សេងៗទៀត ដែលបញ្ជាក់ពីសមត្ថភាព និងគុណភាពសិក្សារបស់និស្សិតនៅវិទ្យាស្ថានរបស់យើង»។


ទន្ទឹមគ្នានេះ និស្សិត ហៃ សុភក្រ្ត រៀនបរិញ្ញាបត្របច្ចេកទេសជំនាញ ដែលជាម្ចាស់ស្នាដៃម៉ាស៊ីនចិតដូងខ្ចី បានបង្ហាញថា គាត់ពិតជាមានមោទនភាពជាខ្លាំងដែលបានត្រៀមនាំយកស្នាដៃមួយនេះទៅបង្ហាញក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET Day) ខាងមុខនេះ ព្រោះ សុភក្រ្ត ធ្លាប់ជាយុវជនម្នាក់ដែលមិនយល់ពីបច្ចេកវិទ្យាសោះ រហូតបង្កើតបានម៉ាស៊ីនចិតដូងខ្ចីមួយនេះ។


សុភក្រ្តនិយាយថា៖ «ម៉ាស៊ីនមួយនេះ ពិតជាមានសមត្ថភាពមែនទែន ព្រោះអាចដំណើរការដោយប្រព័ន្ធថាមពលអគ្គិសនីផ្ទាល់ ឬអាចដំណើរការបានដោយថាមពលអគ្គិសនីសូឡា ដែលនេះជាស្នាដៃមួយដែលខ្ញុំរំភើបមែនទែន។ មួយវិញទៀត វានឹងជួយឱ្យការចិតដូងខ្ចីកាន់តែមានភាពងាយស្រួល រហ័ស និងមានសោភណភាពផងដែរ»។



សូមបញ្ជាក់ថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ រៀបចំឡើងក្រោមប្រធានបទ «ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន»។ តាមរយៈទិវានេះរាជរដ្ឋាភិបាលមានបំណង លើកកម្ពស់ការបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងបច្ចុប្បន្ន និងអនាគត៕
