ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ ការកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះ ដើម្បីបញ្ចៀសការប៉ះទង្គិចបង្ហូរឈាមទ្រង់ទ្រាយធំគឺជារឿងចាំបាច់

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានគូសបញ្ជាក់ថាការកែសម្រួលកម្លាំងកងទ័ពនៅតំបន់
មានជម្លោះដែលស្រុះស្រួលគ្នារវាងមេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃដើម្បីបញ្ចៀសនូវការប៉ះទង្គិចបង្ហូរឈាមទ្រង់ទ្រាយធំគឺជារឿងចាំបាច់។

ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពី យោធាកម្ពុជា-ថៃ បានជួបគ្នានៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ នេះ និងបានសម្រេចធ្វើការកែសម្រួលកម្លាំងទាហានទាំងសងខាងឱ្យត្រឡប់ចូលតំបន់ដែលសមស្រប ដើម្បីកាត់បន្ថយការប្រឈមមុខគ្នា។

តាមរយៈបណ្ដាញសង្គមសម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ឱ្យដឹងបន្ថែមថា« ប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ថៃពិតជាចង់មានសន្តិភាពជាបន្តនិងមិនចង់ឃើញនូវសង្គ្រាមនោះឡើយ។ការស្វែងរកដំណោះស្រាយតាមរយៈ
ការចរចាត្រូវបានធ្វើតាំងពីកំរិតថ្នាក់រាជរដ្ឋាភិបាលរហូតដល់មេបញ្ជាការនៅអង្គភាពជួរមុខទើបមានលទ្ធផល
ដូចពេលនេះ។សូមបងប្អូនជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះដោយសន្តិវិធីដែលជាវិធីតែមួយគត់ដើម្បីបញ្ជៀសសង្រ្គាមបង្ហូរឈាមនិងដើម្បីមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង»៕

To Top