ព័ត៌មានជាតិ

កម្ពុជា-តាជីគីស្ថាន ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Emomali Rahmon ប្រធានាធិបតីសាធារណរដ្ឋតាជីគីស្ថាន បានឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី​ លើវិស័យសំខាន់ៗ រវាងប្រទេសទាំងពីរ ។

ការឯកភាពគ្នារវាងថ្នាក់ដឹកនាំទាំងពីរ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ លោក Emomali Rahmon ប្រធានាធិបតីសាធារណរដ្ឋតាជីគីស្ថាន ក្នុងអំឡុងអញ្ជើញចូលរួម​ សន្និសីទលើកទី៣ របស់អង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ (UNOC3) នៅថ្ងៃទី៨-១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង។

ក្នុងជំនួបនេះ លោកប្រធានាធិបតីសាធារណរដ្ឋតាជីគីស្ថាន បានសម្តែងនូវក្តីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារទ្វេភាគី ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជំនួបនេះនឹងជួយពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។

លោកប្រធានាធិបតី បានរំឭកអំពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសតាជីគីស្ថាន កាលពីឆ្នាំ២០១៩ កន្លងទៅ។ លោកប្រធានាធិបតី ក៏បានលើកឡើងអំពីសក្តានុពល របស់ប្រទេសតាជីគីស្ថាន ដែលមានឧត្តមភាពខាងវិស័យថាមពល, ថាមពលស្អាត និងបានដាក់ចេញគោលដៅ ក្នុងការប្រើប្រាស់ថាមពលស្អាត ឱ្យបាន ១០០% ត្រឹមឆ្នាំ២០៣៨។

លោក បានកត់សម្គាល់ថា កម្ពុជាជាប្រទេសមានសក្តានុពលផ្នែកកសិកម្ម ដោយកម្ពុជា អាចធានានូវការផ្គត់ផ្គង់ស្បៀងក្នុងស្រុក និងមានអតិរេកស្បៀង សម្រាប់បម្រើដល់ការនាំចេញ ទៅកាន់ទីផ្សារអន្តរជាតិផងដែរ។ ជាមួយគ្នានេះ, លោកប្រធានាធិបតី បានបង្ហាញជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយ ចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចលោកធិបតី ទំនាក់ទំនងទ្វេភាគីតាជីគីស្ថាន-កម្ពុជា នឹងកាន់តែត្រូវបានពូនជ្រុំបន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាជន និងប្រទេសទាំងពីរ។

ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងថា ជំនួបទ្វេភាគីនេះ ជាឱកាសសម្រាប់ការស្វែងរកកាលានុវត្តភាព នៃកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ, ជាមួយនឹងការពាំនាំ នូវការផ្តាំផ្ញើសួរសុខទុក្ខ របស់សម្តេចតេជោ ហ៊ុន​ សែន​ ប្រធានព្រឹទ្ធសភា ជូនចំពោះលោកប្រធានាធិបតី សម្តេចធិបតី ក៏បានគូសបញ្ជាក់ពីការប្តេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនង នៃប្រទេសទាំងពីរ ត្បិតនៅមានសក្តានុពលជាច្រើន ដែលអាចពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា។

សម្តេចបវរធិបតី​ និងលោកប្រធានាធិបតី​​ ក៏បានពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យសំខាន់ៗមួយចំនួន ដូចជា៖ ថាមពលស្អាត, កសិកម្ម និង​ អប់រំ ជាដើម,​ និង បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ​ ​ទៅវិញ​​ទៅមក​ នាពេលវេលាសមស្របខាងមុខ ព្រមទាំងបានប្រគល់ភារកិច្ចដល់រដ្ឋមន្ត្រីការបរទេស នៃប្រទេសទាំងពីរ បន្តផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ ក្នុងការស្វែងរកកាលានុវត្តភាព នៃកិច្ចសហប្រតិបត្តិការ ក៏ដូចជាសម្របសម្រួលដំណើរទស្សនកិច្ច របស់ថ្នាក់ដឹកនាំទាំងពីរ៕

To Top