ភ្នំពេញ ៖ គម្រោងវិនិយោគចំនួន៥៩ ដែលមានទុនវិនិយោគសរុបប្រមាណ ៨១៦លានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែឧសភា ឆ្នាំ២០២៥។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា «ក្នុងខែឧសភា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៥៩គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៨១៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ៤៤ពាន់ កន្លែង»។
ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំ ពិសេសមានចំនួន៣៨គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅ ក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន ចំនួន២១គម្រោង។
ក្នុងខែឧសភា ឆ្នាំ២០២៥នេះ ការចុះបញ្ជីគម្រោងវិនិយោគមានការកើនឡើងចំនួន ៣៤ គម្រោង ស្មើនឹងប្រមាណ ១៣៦% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ ៥៧០លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ២៣១% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។
សូមបញ្ជាក់ថា គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥ ការចុះបញ្ជីគម្រោងវិនិយោគមានចំនួន ២៩០គម្រោង កើនឡើងចំនួន១៣៧គម្រោង ស្មើនឹងប្រមាណ៩០% ខណៈទុនវិនិយោគមានចំនួនប្រមាណ ៤,២ពាន់ លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១,៤ពាន់លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ៥២% ធៀបនឹងរយៈ ពេលដូចគ្នាក្នុងឆ្នាំ២០២៤៕
