កំពង់ធំ: នៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ លោក ឡុង គីសឹង អភិបាលនៃគណៈអភិបាលស្រុក និងលោក នៅ សៈ មៈ ប្រធានក្រុមប្រឹក្សាស្រុកសន្ទុក បានដឹកនាំកងកម្លាំង ប្រដាប់អាវុធទាំងបី មន្ត្រីរាជការក្រោម ឱវាទសាលាស្រុក នាំយកថវិកាចំនួន២លានរៀល អង្ករចំនួន ២តោន មីជាតិចំនួន៥០កេស និងទឹកត្រីទឹកស៊ីអ៊ីវចំនួន៦០ យូរ យកមកប្រគល់ជូនដល់ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីបម្រើសេចក្តីត្រូវការ ក្នុងភារកិច្ចការពារជាតិ និងការចូលរួមបង្ក្រាប បទល្មើសធនធានធម្មជាតិ នៅក្នុងខេត្តកំពង់ធំ។ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ។

លោក ឡង គីសឹង បានមានប្រសាសន៍ថា ដោយឃើញពីសកម្មភាព ដ៏មមាញឹក របស់បញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការ សឹករង កំពង់ធំ ក្នុងភារកិច្ចត្រៀម បម្រុងកម្លាំង ក្នុងវិស័យការពារជាតិ ការពារបូរណភាពទឹកដី និងសកម្មភាពដ៏មមាញឹក ជាកម្លាំងស្នូល ឱ្យកងកម្លាំងចម្រុះ ក្នុងភារកិច្ច ការពារទប់ស្កាត់ និងបង្ក្រាបបទ ល្មើសធនធាន ធម្មជាតិ ក្នុងភូមិសាស្ត្រ ខេត្តកំពង់ធំ ទទួលបានជោគជ័យ គួរជាទីមោទនៈ និងបានសូមជូនពរដល់នាយទាហាន នាយទាហានរង និង ពលទាហាននៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករង កំពង់ធំទាំងអស់ សូមទទួលជោគជ័យ ក្នុងភារកិច្ចការពារជាតិ ការពារបូរណភាពទឹកដី និងការបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ឲ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបញ្ជាក់ជូនអំពីសភាពការណ៍ថ្មីៗមួយចំនួន នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃ និងបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះលោក ឡង គីសឹង អភិបាលស្រុក និងលោក នៅ សម: ប្រធានក្រុមប្រឹក្សាស្រុកសន្ទុក និងប្រតិភូទាំងអស់ ដែលបានយកចិត្តទុកដាក់ ជួយឧបត្ថម្ភថវិកា ស្បៀងអាហារគ្រឿងឧបភោគបរិភោគ ដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងភារកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារបូរណភាពទឹកដី និងភារកិច្ចការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅទូទាំងខេត្តកំពង់ធំ និងបានសូមជូនពរ ប្រតិភូអភិបាលស្រុក និងក្រុមប្រឹក្សាស្រុកសន្ទុក ខេត្តកំពង់ធំ ទាំងអស់ និងក្រុមគ្រួសារ សូមទទួលបាននូវសុខភាពល្អ ព្រមទាំងពុទ្ធពរទាំងបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕ដោយសំនៀង
