ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា មហាសមុទ្រ មានសារៈសំខាន់ណាស់ សម្រាប់សុខុមាលភាព និងវិបុលភាព នៃមនុស្សជំនាន់ក្រោយ ក្នុងនាមជាសមាជិក នៃសហគមន៍សកល ដែលមានការទទួលសុខត្រូវខ្ពស់ កម្ពុជា ព្រួយបារម្ភណាស់ ចំពោះកំណើន នៃការគំរាមកំហែងនានា ដល់មហាសមុទ្រ ។

ក្នុងឱកាស អញ្ជើញថ្លែងសន្ទរកថា ក្នុងសន្និសីទរបស់អង្គការសហប្រជាជាតិស្តីពីមហាសមុទ្រលើកទី៣ (UNOC3) ទីក្រុងនីស ប្រទេសបារាំង រសៀលថ្ងៃចន្ទ ទី៩ ខែមិថុនា ឆ្នាំ២០២៥ សម្តេចធិបតី បានបញ្ជាក់ថា មនុស្សជាតិត្រូវ ប្រឈមមុខនឹងជម្រើស២ ជាប្រវត្តិសាស្ត្រគឺ នៅបន្តព្រងើយកន្តើយ ចំពោះមហាសមុទ្រ ឬក៏ត្រូវធ្វើសកម្មភាពរួមគ្នា ដើម្បីការពារវា? ។
ក្នុងនោះសម្តេចធិបតី គូសបញ្ជាក់ថា មហាសមុទ្រ គឺជាកំណប់ទ្រព្យរួម ជាបេះដូងពណ៌ខៀវ នៃភពផែនដី និងវាជាប្រភពស្បៀងអាហារ ថាមពល និងទឹកដែលទ្រទ្រង់ជីវភាព និងអត្ថប្រយោជន៍សេដ្ឋកិច្ច នៃប្រជាជាតិទាំងអស់ ដោយសមហាសមុទ្ររក្សាលំនឹងអាកាសធាតុ និងបង្កើតខ្យល់អុកស៊ីហ្សែន ដែលមនុស្សជាតិទាំងអស់គ្នាដកដង្ហើម និងជាមូលដ្ឋានគ្រឹះនៃជីវចម្រុះដ៏សម្បូរបែប នៃភពផែនដី ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា “មហាសមុទ្រ មានសារៈសំខាន់ណាស់ សម្រាប់សុខុមាលភាព និងវិបុលភាពនៃមនុស្សជំនាន់ក្រោយ ក្នុងនាមជាសមាជិកនៃសហគមន៍សកល ដែលមានការទទួលសុខត្រូវខ្ពស់ កម្ពុជា ព្រួយបារម្ភណាស់ ចំពោះកំណើន នៃការគំរាមកំហែងនានា ដល់មហាសមុទ្ររបស់យើងនោះគឺ៖ ការកើនឡើង នៃកម្ពស់ទឹកសមុទ្រ, ការសឹករិចរិលឆ្នេរសមុទ្រយ៉ាងធ្ងន់ធ្ងរឥតឈប់ ការរីកសាយ នៃការបំពុលដោយប្លាស្ទិក, ការថយចុះយ៉ាងលឿននៃជីវចម្រុះក្នុងសមុទ្រ និងការប្រើប្រាស់ធនធាន សមុទ្រជ្រុលហួសកម្រិត” ។
សម្តេចធិបតី ហ៊ុន ម៉ាណែទ ថែមទាំងបានគូសបញ្ជាក់ថា បញ្ហាប្រឈមទាំងនេះ ទាមទារឱ្យមានសកម្មភាពជាបន្ទាន់ និងម៉ឺងម៉ាត់ ព្រមទាំងកិច្ចសហការដែលឥតងាករេ និងជាពេលវេលាដែលត្រូវធ្វើសកម្មភាពរួមគ្នា៕
