ព័ត៌មានជាតិ

សម្តេចធិបតី៖ កម្ពុជា ប្តេជ្ញាពង្រឹងសមត្ថភាព ជាតិរបស់ខ្លួន ក្នុងការការពារមហាសមុទ្រ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងបញ្ជាក់ថា កម្ពុជា ប្តេជ្ញាពង្រឹងសមត្ថភាព ជាតិរបស់ខ្លួន ក្នុងការការពារមហាសមុទ្រ ខណៈបានពង្រីកតំបន់ការពារ ក្នុងដែនសមុទ្ររបស់ខ្លួន និងពង្រឹងបទប្បញ្ញត្តិ ស្តីពីការគ្រប់គ្រងការនេសាទប្រកបដោយចីរភាព ។

ក្នុងឱកាសអញ្ជើញថ្លែងសន្ទរកថា ក្នុងសន្និសីទរបស់អង្គការសហប្រជាជាតិ​ ស្តីពីមហាសមុទ្រលើកទី៣ (UNOC3) ទីក្រុងនីស ប្រទេសបារាំង រសៀលថ្ងៃចន្ទ ទី៩ ខែមិថុនា ឆ្នាំ២០២៥ សម្តេចធិបតី បានគូសបញ្ជាក់ថា មហាសមុទ្រ មានសារៈសំខាន់ណាស់ សម្រាប់សុខុមាលភាព និងវិបុលភាព នៃមនុស្សជំនាន់ក្រោយ ខណៈដែលកម្ពុជា ក្នុងនាមជាសមាជិក នៃសហគមន៍សកល ដែលមានការទទួលសុខត្រូវខ្ពស់ កម្ពុជា ព្រួយបារម្ភណាស់ ចំពោះកំណើននៃការគំរាមកំហែងនានា ដល់មហាសមុទ្រ ។

បន្ថែមលើនេះ សម្តេចធិបតី ថ្លែងបញ្ជាក់ថា ខណៈដែលបញ្ហាប្រឈមទាំងនេះ ទាមទារឱ្យមានសកម្មភាពជាបន្ទាន់ និងម៉ឺងម៉ាត់ ព្រមទាំងកិច្ចសហការដែលឥតងាករេ និងជាពេលវេលា ដែលត្រូវធ្វើសកម្មភាពរួមគ្នា ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “កម្ពុជា ប្តេជ្ញាពង្រឹងសមត្ថភាពជាតិរបស់ខ្លួន ក្នុងការការពារមហាសមុទ្រ ។ កម្ពុជា បានពង្រីកតំបន់ការពារក្នុងដែនសមុទ្ររបស់ខ្លួន បានពង្រឹងបទប្បញ្ញត្តិ ស្តីពីការគ្រប់គ្រងការនេសាទ ប្រកបដោយចីរភាព និងបានបង្កើនគំនិតផ្តួចផ្តើមថ្នាក់ជាតិ ដើម្បិប្រយុទ្ធប្រឆាំងនឹងការបំពុលសមុទ្រ”៕

To Top