ភ្នំពេញ ៖ អ្នកវិភាគនយោបាយ នៅកម្ពុជាលោកបណ្ឌិត មាស នី បានលើកឡើងថា ស្ថានភាពតានតឹងផ្នែកយោធា រវាងកម្ពុជា-ថៃ ហាក់មានភាពនៅទ្រឹង ប៉ុន្តែការរើសអើងផ្នែកជាតិ សាសន៍រវាងប្រទេសទាំងពីរមានការកើនឡើង។
បើតាមការវិភាគរបស់លោកបណ្ឌិតមាស នី បង្ហាញជាសំណេរយ៉ាងខ្លីនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនាថ្ងៃ១០ មិថុនានេះថា ភាពតានតឹងផ្នែកយោធា រវាងថៃនិងកម្ពុជា ហាក់មានភាពនៅទ្រឹង ប៉ុន្តែការរើសអើងផ្នែកជាតិសាសន៍ រវាងពលរដ្ឋប្រទេសទាំងពីរ មានការកើនឡើង។ លោកបណ្ឌិតបានមើលឃើញថា ថៃនៅបន្តដាក់សម្ពាធ និងវិធានមួយចំនួនដើម្បីឲ្យឃើញថា គេនៅខ្លាំងលើរឿងផ្សេងទៀត។
ទន្ទឹមនឹងការមើលឃើញនេះ លោកបណ្ឌិត ក៏ផ្តល់ជាយោបលថា ក្នុងស្ថានភាពនេះ អ្នកសេដ្ឋពិទូខ្មែរដែលនៅជុំវិញ រាជរដ្ឋាភិបាល មិនត្រូវគ្រាន់តែអង្គុយរង់ចាំមើលគេទេ តែត្រូវធ្វើការស្រាវជ្រាវនិងក្តាប់ទិន្នន័យលំហូរសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេស ទាំងពីរឲ្យបានច្បាស់ ដើម្បីយកមករៀបចំជាយុទ្ធសាស្រ្ត ពង្រឹងសមត្ថភាពខ្លួនផង សម្រាប់ពេលអនាគតផង ព្រមទាំងដាក់ចេញជាគោលការណ៍ឆ្លើយតបផងដែរ។
លោកបណ្ឌិតថា ក្នុងស្ថានភាពនេះ មិនត្រូវធ្វើខ្លួនជាអ្នករងគ្រោះទេ តែត្រូវបង្ហាញពីភាពរឹងមាំ តែធ្វើយ៉ាងណាកុំរឹងមាំតែមាត់ ហើយមិនធ្វើសកម្មភាពអ្វីមួយ ឬក៏មិនធ្វើចេញពីបេះដូង ៕
