ភ្នំពេញ ៖ ក្នុងពីធីអបអរសាទរ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា រៀបចំឡើងដោយ មន្ទីរបរិស្ថាន ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ នៅវិទ្យាល័យ ហ៊ុន សែន ពាមជាំង ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា ការបំពុលដោយប្លាស្ទិក បានប៉ះពាល់ដល់ សុខុមាលភាពរបស់មនុស្ស សត្វ និងបរិស្ថាន ក្នុងនោះប្លាស្ទិកហូរ ចូលទៅសមុទ្រ នៅឆ្នាំ២០៥០ នឹងមានចំនួនច្រើន ជាងត្រីនៅក្នុងសមុទ្រ។

លោក អនុរដ្ឋលេខាធិការ បន្ដថា ដោយឡែក ការដុតសំណល់ ប្លាស្ទិកនៅទីវាល បានបង្កឱ្យមានផលប៉ះពាល់ ដល់ស្រទាប់អូហ្សូន និងសុខភាពមនុស្ស គឺនៅពេលដកដង្ហើម ដូចជា ជំងឺមហារីក ជំងឺផ្លូវដង្ហើម។ ផ្សែងដែលហុយពីថង់ប្លាស្ទិកទាំងនោះ មានជាតិគីមីខ្ពស់ប្រភេទ ដែលជាភ្នាក់ងារបង្កើតមេរោគ និងជំងឺមហារីក។

ដើម្បីចូលរួមប្រយុទ្ធប្រឆាំង ការបំពុលដោយប្លាស្ទិក លោក អនុរដ្ឋលេខាធិការ បានសំណូមពរ ឱ្យប្រជាពលរដ្ឋមាន ការប្តេជ្ញាចិត្ត និងចូលរួមកាត់បន្ថយ ការប្រើប្រាស់ប្លាស្ទិក ក្នុងនោះការអនុវត្តវិធី៤R ជាចាំបាច់ គឺចូលរួមកាត់បន្ថយការ ប្រើប្រាស់ប្លាស្ទិក សូមធ្វើការប្រើប្រាស់ ឡើងវិញកុំប្រើប្លាស្ទិកតែ១ដងបោះចោល ធ្វើការកែច្នៃនិងផលិតជា សម្ភារប្រើប្រាស់ឡើងវិញ និងទាញយកចំណូលពីពីប្លាស្ទិក និងធ្វើការបដិសេធមិនប្រើប្រាស់ប្លាស្ទិកប្រចាំថ្ងៃ។

ក្នុងឱកាសនោះ អ្នកនាំពាក្យក្រសួងបរិស្ថាន បានវាយតម្លៃខ្ពស់និងថ្លែងអំណរគុណចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ត ក្រុងស្រុក និងអាជ្ញាធរមូលដ្ឋានទាំងអស់ អង្គការ សមាគម ដៃគូសហការ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋ ដែលបានផ្តល់កិច្ច សហការល្អ អនុវត្តយុទ្ធនាការជាជំហានៗ ដូចជាយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ ប្លាស្ទិកទេ» យុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» យុទ្ធនាការ«ផ្លូវជាតិ គ្មានសំរាមនិងសំណល់ប្លាស្ទិក» និងយុទ្ធនាការ ផ្សេងទៀត របស់ក្រសួងបរិស្ថាន ដែលបានដាក់ចេញដោយយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបង្កើតឡើងស្របជាមួយ យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សំដៅធ្វើឱ្យកម្ពុជាស្អាត មានភាពបៃតង និងមានការអភិវឌ្ឍន៍ដោយចីរភាព៕



