ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការដឹកនាំមានប្រសិទ្ធភាព នៅពេលរដ្ឋបាលរឹងមាំ ប្រកបដោយវិន័យខ្ជាប់ខ្ជួន

ភ្នំពេញ ៖ ក្នុងឱកាស ដឹកនាំកិច្ចប្រជុំ កម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែមិថុនា ពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅ ការងារបន្ត នាថ្ងៃ៩ មិថុនា លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង សុខាភិបាល បានលើកឡើងថា ការដឹកនាំដែល មានប្រសិទ្ធភាពខ្ពស់ នៅពេលរដ្ឋបាលមានភាពរឹងមាំ ប្រកបដោយវិន័យខ្ជាប់ខ្ជួន។

ជាកិច្ចចាប់ផ្តើម សាស្ត្រាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ ដឹកនាំទទួលបន្ទុកការងារ ត្រូវបង្កើនប្រសិទ្ធភាពការងារ ប្រចាំថ្ងៃឲ្យកាន់តែល្អប្រសើរឡើងថែមទៀត ជាមួយនឹងផែនការសកម្មភាព ផែនការយុទ្ធសាស្រ្ត ការរៀបចំការធ្វើសំយោគមតិ និងការសហការជាមួយគ្រប់ផ្នែកពាក់ព័ន្ធគ្រប់ឋានុក្រម។ ថ្នាក់ដឹកនាំតាមអង្គភាព ត្រូវពង្រឹងបែបបទការងារ សមត្ថភាពមន្រ្តីក្រោម ឱវាទលើការងារស្នូលឲ្យកាន់តែច្បាស់ និងល្អប្រសើរ។

សាស្រ្តាចារ្យដ្ឋមន្រ្តី បានណែនាំពង្រឹងបន្ថែមទៀតលើការងារ ឱសថសាស្រ្ត រួមទាំងឱសថបុរាណ ដោយត្រូវជំរុញក្នុងការបង្កើនសមត្ថភាព ដូចជាវិធីសាស្រ្តនៃការប្រើប្រាស់ស្តង់ដាឱសថឲ្យបានត្រឹមត្រូវ ចាប់ពីការបណ្តុះបណ្តាល រហូតដល់ការព្យាបាល ស្របតាមបច្ចេកទេស និងសម័យកាលនវានុវត្តន៍ និងក្រមសីលធម៌វិជ្ជាជីវៈជាឱសថការី។

បន្ថែមពីនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានរំលឹកបន្ថែមក្នុងការបន្តយកចិត្តទុកដាក់ឲ្យបានខ្ពស់លើការងារគាំពារសុខភាពមាតា ទារក និងកុមារ ដោយថ្នាក់ដឹកនាំតាមមន្ទីរពេទ្យ ត្រូវតែបង្កើនសមត្ថភាពមន្រ្តីជំនាញ តាមរយៈការបណ្តុះបណ្តាល ឲ្យកាន់តែមានជំនាញច្បាស់លាស់ ស្របតាមការរីកចម្រើននៃសកលលោក។ ម៉្យាងវិញទៀត លោកសាស្ត្រាចារ្យ ក៏បានណែនាំបន្ថែមទៅថ្នាក់ដឹកនាំទទួលបន្ទុក ត្រូវជំរុញលើការងារបណ្តុះបណ្តាលគ្រប់កម្រិតស្តង់ដានៃការសិក្សា ទាំងគ្រឹះស្ថានសាធារណៈរបស់រដ្ឋ និងឯកជន។

សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានណែនាំត្រូវបន្តយកចិត្តទុកដាក់ពង្រឹងការធ្វើអភិបាលកិច្ច និងនិយ័តកម្មតាមសេវាសាធារណៈ ជាពិសេសវិស័យឯកជន ដើម្បីធានាការបម្រើសេវាសុខាភិបាលប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព សមធម៌ និងក្រមសីលធម៌វិជ្ជាជីវៈ៕

To Top