ភ្នំពេញ ៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា និងគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា រដ្ឋាភិបាលចិន ចូលរួមចំណែក ដល់ការអភិវិឌ្ឍ និងការថែរក្សាសន្តិភាពនៅកម្ពុជា ខណៈដែលទំនាក់ទំនង រវាងប្រទេសយើងទាំងពីរ បានវិវត្តរីកចម្រើន ទៅមុខឥតឈប់ឈរ ។
លោក ជា ធីរិទ្ធ បានបញ្ជាក់ថា សម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា មិនអាចកាត់ចេញបាន នូវការចូលរួមចំណែកពីប្រទេសចិនបានឡើយ ។ បើចិនមិនចូលរួមចំណែកនោះទេ ប្រហែលជាកម្ពុជា មិនអាចអភិវឌ្ឍន៍លឿន ដូចបច្ចុប្បន្ននេះណាស់ ។ ដោយមិត្តចិនបានជួយកម្ពុជាច្រើន ទាំងក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាង ដែលយើងឃើញថា ផ្លូវជាង៣០០០គីឡូម៉ែត្រ និងស្ពានជាច្រើនកន្លែង ។ ហេដ្ឋារចនាសម្ព័ន្ធដែលចិន បានជួយយើងទាំងអស់នោះហើយ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការរុញច្រានជួយដល់សេដ្ឋកិច្ច និងការអភិវឌ្ឍកម្ពុជា ។
លោកបញ្ជាក់ថា ៖ « ការអភិវឌ្ឍ ដែលមានការចូលរួមពីភាគីចិននេះឯង គឺជាផ្នែកមួយក្នុងការថែរក្សា និងគាំពារនូវសុខសន្តិភាព សម្រាប់ប្រទេសកម្ពុជា ព្រោះថា កម្ពុជា មានសន្តិភាពហើយ ប៉ុន្តែទាមទារនូវការអភិវឌ្ឍបន្ថែម ។ ដូចដែលសម្តេចតេជោហ៊ុន សែន លោកបានធ្លាប់លើកឡើងថា ហើយ យើងមានសន្តិភាព ប៉ុន្តែបើគ្មានការអភិវឌ្ឍទេ ក៏មិនអាចថែរក្សាបាននូវសន្តិភាពដែរ ។ ដូច្នេះ ការចូលរួមរបស់ចិន ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ក៏ជាផ្នែកមួយជួយការពារសន្តិភាព សម្រាប់ប្រទេសកម្ពុជា។ »
ចំណែកឯលោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគ អ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនវិញបានមានប្រសាសន៍ថា ចិនពិតជាបានរួមចំណែក ថែរក្សាសន្តិភាពនៅកម្ពុជា ព្រោះគោលនយោបាយរបស់ប្រទេសចិន គឺជាគោលនយោបាយសន្តិភាពនិយម សង់ស្ពានមេត្រីភាពជាមួយ បណ្តាប្រទេសទាំងអស់នៅក្នុងពិភពលោក ដោយឈរលើទស្សនវិជ្ជា របស់ខ្លួនមានពោរពេញដោយចរន្តពហុភាគីនិយមដើម្បីការពារសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់ពិភពលោក ។
លោកបណ្ឌិតបញ្ជាក់ថា ថ្នាក់ដឹកនាំចិនគ្រប់ជំនាន់ តែងបានប្រកាសយ៉ាងម៉ឹងម៉ាត់ថា សន្តិភាព និងការអភិវឌ្ឍ គឺជាសេចក្តីប្រាថ្នា ដែលត្រូវបានបង្កើតឡើង ដោយមនុស្សជាតិគ្រប់គ្នា នៅក្នុងរយៈពេល ជាងមួយសតវត្សរ៍កន្លងមក ។ ប្រទេសចិន ដែលមានប្រជាជន ពោរពេញដោយហ្សែន ស្នេហាសន្តិភាព តែងបានឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់មនុស្សជាតិ ហើយដាស់តឿន ពិភពលោកទទួលយកមេរៀនប្រវត្តិសាស្រ្តដ៏ជូរចត់ និងបន្តឆ្ពោះទៅមុខនៅលើផ្លូវម៉ារ៉ាតុងនៃសន្តិភាព និងការអភិវឌ្ឍ ។
លោកបណ្ឌិតបញ្ជាក់ថា៖ « ស្របនឹងទស្សនៈនេះប្រជាជនកម្ពុជា ដែលពោរពេញដោយភក្តីភាពចំពោះសន្តិភាព តែងលើកបដាជ្រោងទង់សន្តិភាព អរគុណសន្តិភាព និងប្រឆាំងដាច់ខាត ចំពោះរាល់ទង្វើនិងសកម្មភាពណាដែលបំផ្លាញឬប៉ះពាល់ដល់សន្តិភាព។ មិនខុសពីប្រទេសចិន ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា មិនអាចខ្វះបាននូវសន្តិភាពនោះឡើយ។ នៅក្នុងទំនាក់ទំនងដែកថែបជាមួយកម្ពុជា ចិនតែងគាំទ្រជាប់ជានិច្ចនូវការគោរពអធិបតេយ្យភាព បូរណភាពរបស់កម្ពុជា ព្រមទាំងគាំទ្រកម្ពុជាក្នុងកិច្ចការពារគុណតម្លៃសន្តិភាព ដែលជាគំរូភាពដ៏ល្អ សម្រាប់តំបន់និងពិភពលោក ។»
អ្នកវិភាគផ្នែកសង្គមមើលឃើញថា ទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងចិន ត្រូវបានពង្រីកកិច្ចសហប្រតិបត្តិការ ដោយឈរលើគោលការណ៍ សន្តិភាពនិយម និងពហុភាគីនិយម សម្រាប់ថែរក្សាយ៉ាងរឹងមាំ នូវសន្តិភាពសម្រាប់ប្រទេសទាំងពីរ ។ ពង្រឹងចំណងទាក់ទងមេត្រីភាព កាន់តែរឹងមាំ ដែលជាមរតកបន្សល់ទុកពី ថ្នាក់ដឹកនាំជំនាន់មុន និងបន្តពូនជ្រុំដោយថ្នាក់ដឹកនាំបច្ចុប្បន្ន ព្រមទាំងរួមកម្លាំងគ្នា ដើម្បីកិច្ចកសាងសហគមន៍ជោគវាសនារួម កម្ពុជានិងចិន ក្នុងយុគសម័យថ្មី ៕ (លោកចេម វឌ្ឍនា វិទ្យុមិត្តភាពកម្ពុជាចិន)
