ភ្នំពេញ: មន្រ្តីជាន់ខ្ពស់ក្រសួងកាងារ រំពឹងថា ទិវាជាតិ អប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ នឹងមានអ្នកចូលរួម ជាង៧ម៉ឺននាក់នៅទូទាំងប្រទេស ដែលនឹងត្រូវរៀបចំរយៈពេល ២ថ្ងៃ គឺថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ និងរៀបចំនៅតាមបណ្តាខេត្ត ទូទាំងប្រទេស។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងកាងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងអោយដឹងនៅក្នុងសន្និសិទ្ធ សារព័ត៌មានកាលពីព្រឹកមិញថា គោលបំណងនៃការរៀបចំទិវាជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺ ដើម្បីបង្ហាញពីសារៈសំខាន់នៃការអប់រំ និងការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ដោយបំពេញគ្នាទៅវិញទៅមក ឱ្យស្របតាមក្របខ័ណ្ឌគុណវុឌ្ឍិជាតិកម្ពុជា។
លោកបានបញ្ជាក់ថា ជាក់ស្តែង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងសហការគ្នា ជំរុញការអនុវត្តការអភិវឌ្ឍជំនាញ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងការតម្រង់ទិសវិជ្ជាជីវៈ នៅគ្រប់កម្រិតសិក្សា។
លោកបានបន្ថែមថា ទិវាជាតិនេះ ក្រសួងនឹងរៀបចំដាក់តាំងបង្ហាញពីវឌ្ឍនភាពពីវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានការចូលរួមពីក្រសួង ស្ថាប័ន គ្រឹះស្ថានសិក្សា វិស័យឯកជន ដៃគូអភិវឌ្ឍ និងផ្នែកពាក់ព័ន្ធនានា សរុបចំនួន ១៣១ ស្មើនឹង ២០៥ស្តង់ ព្រមទាំងមានការធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ពីវាគ្មិនល្បីៗ និងកម្មវិធីសំខាន់ៗមួយចំនួនថែមទៀតផង ។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា “ទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ នេះ យើងរំពឹងថា នឹងមានអ្នកចូលរួម នឹងមានផ្ទាល់ចំនួនជាង ៧ម៉ឺននាក់ នៅទូទាំងប្រទេស ជាពិសេសសិស្សានុសិស្ស និងសាធារណជន នឹងទទួលបានព័ត៌មាន និងសារៈសំខាន់ពីវិស័យ អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ព័ត៌មានស្តីពីអាហារូបករណ៍នៅតាមគ្រឹះស្ថានសិក្សា ជាពិសេសកម្មវិធីបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥លាននាក់” ។
គួរបញ្ជាក់ថា បើយោងតាមរបាយការណ៍របស់ក្រសួងកាងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបង្ហាញថា គិតត្រឹមថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ យុវជនដែលបានចុះឈ្មោះសិក្សាលើជំនាញបណ្ដុះបណ្ដាលវិជ្ជាជីវៈនូវទូទាំងប្រទេសមានសិស្សចុះឈ្មោះចូលរៀន ចំនួនសរុប ១១៣ ៥៩២នាក់ ក្នុងចំនោមក្រុមគោលដៅសរុប ៤៥ ៤៥១នាក់ ខណៈសិស្សបានបញ្ចប់ការសិក្សា មានចំនួនសរុប ៣២ ៤៣៦នាក់ និងអ្នកទទួលបានការងារធ្វើ មានចំនួនសរុប ១៥ ៩០៣នាក់ ៕
