ព័ត៌មានជាតិ

វិទ្យាស្ថាន បច្ចេកទេសឧស្សាហកម្ម ត្រៀមដាក់បង្ហាញ ឧបករណ៍ទំនើប ធ្វើដោយស្នាដៃ សិស្ស-និស្សិតកូនខ្មែរ យ៉ាងហោច៥ប្រភេទ នៅក្នុងទិវាជាតិអប់រំ បណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥

ភ្នំពេញ ៖ វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) ត្រៀមដាក់បង្ហាញឧបករណ៍ទំនើប ដែលផលិតដោយស្នាដៃសិស្ស-និស្សិតកូនខ្មែរ យ៉ាងហោចចំនួន ៥ប្រភេទ នៅក្នុង ឱកាសទិវាជាតិ អប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET Day) លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការអប់រំបណ្តុះ បណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» ដែលនឹងធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៥នេះ ។

លោក ជិន តារ៉ា នាយកវិទ្យាស្ថាន បច្ចេកទេសឧស្សាហកម្ម បានឱ្យដឹងថា ឧបករណ៍ទំនើបទាំងនោះរួមមាន ម៉ាស៊ីនផលិតទឹកកក រថយន្តអគ្គិសនីសម្រាប់បូមសំរាម ប្រព័ន្ធស្មាតស៊ីធី ប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ និងឧបករណ៍សម្ភារៈសម្រាប់ការបណ្តុះបណ្តាលលើជំនាញឯកទេសកម្ម ជាដើម ។

និសិ្សត ម៉ោល ចាន់វិភាវីន រៀនបរិញ្ញាបត្របច្ចេកទេស ជំនាញបរិក្ខារត្រជាក់ ឆ្នាំទី១ នៃវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) បានប្រាប់ថា គាត់ពិតជាចង់ឱ្យថ្ងៃបង្ហាញស្នាដៃ របស់គាត់ឆាប់មកដល់ ដើម្បីបង្ហាញដល់មហាជន ជាពិសេសសិស្សានុសិស្ស ដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ ដើម្បីឱ្យពួកគាត់ បានស្វែងយល់បន្ថែម ពីជំនាញបរិក្ខារត្រជាក់នេះ។

និស្សិត ភាវីន បាននិយាយថា ៖ «សម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ និងស្រលាញ់ជំនាញបច្ចេកទេស គួរតែចូលរួម ទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈនេះ ព្រោះមានស្នាដៃ របស់និស្សិតពីសាលាផ្សេងៗជាច្រើនទៀត ដែលនឹងយកមកដាក់តាំងបង្ហាញឱ្យទស្សនា ព្រមទាំងបានជួបសំណេះសំណាលផ្ទាល់ ជាមួយលោកគ្រូអ្នកគ្រូជំនាញទៀតផង»។

និស្សិត រិន គីអេង រៀនបរិញ្ញាបត្រ បច្ចេកទេសជំនាញបរិក្ខារត្រជាក់ម្នាក់ទៀត បានលើកឡើងថា ការសិក្សាជំនាញនៅទីនេះ បានអភិវឌ្ឍន៍សមត្ថភាព របស់គាត់ជាច្រើន ព្រោះវិទ្យាស្ថាន មានកម្មវិធីសិក្សាសម្បូរបែបដូចជា គោលការណ៍តម្រូវឱ្យនិស្សិតមានការចុះកម្មសិក្សា និងការសិក្សាបែបអនុវត្តច្រើន ជាងទ្រឹស្តីជាដើម ដែលជួយឱ្យ រូបគាត់សម្រេចបានសមិទ្ធផលទាំងនេះ។

គីអេង បានប្រាប់ថា៖ «ខ្ញុំពេញចិត្តរាជរដ្ឋាភិបាលក្នុងការរៀបចំឱ្យមាន ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ណាស់ព្រោះនិស្សិតមកពីវិទ្យាស្ថានដទៃទៀត នឹងបានបង្ហាញសមត្ថភាព ស្នាដៃសម្រាប់បងប្អូនយើងទស្សនា»។

ទន្ទឹមគ្នានេះ លោក ពៅ ថានៈ ជាគ្រូបច្ចេកទេសជំនាញបរិក្ខារត្រជាក់ បានរំលេចថា លោកមានមោទនភាពនឹងសិស្សរបស់លោកជាខ្លាំង ដែលបានបន្សល់ទុកនូវសមិទ្ធផល និងស្នាដៃ ជាច្រើនរៀងរាល់ឆ្នាំ។

លោកបញ្ជាក់ថា៖ «ជារៀងរាល់ឆ្នាំវិទ្យាស្ថាន តែងតែយកស្នាដៃ របស់និស្សិតទៅដាក់បង្ហាញ។ ស្នាដៃទាំង នោះមានការវិវត្ត កាន់តែប្រសើរឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ទៅតាមសម័យកាល នៃបច្ចេកវិទ្យា ដែលធានាថានិស្សិតគ្រប់រូប បានស្រូបយកចំណេះវិជ្ជាទាំងនេះទៅអភិវឌ្ឍខ្លួន និងប្រើប្រាស់ឱ្យសមស្រប ទៅនឹងទីផ្សារការងារបច្ចុប្បន្ន» ៕

To Top