ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងនៅថ្ងៃទី១០ ខែមិថុនានេះថា តម្លៃនៃការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូបរបស់កម្ពុជា គិតត្រឹមខែមេសា ឆ្នាំ២០២៥ មានតម្លៃប្រមាណ ៤,៥ពាន់លានដុល្លារអាម៉េរិក ឬកើនឡើងប្រមាណ ២១,៩% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ខណៈដែលតម្លៃនៃការនាំចេញសរុបសម្រាប់គ្រប់មុខផលិតផលរបស់កម្ពុជា គិតត្រឹមខែមេសា ឆ្នាំ២០២៥ មានតម្លៃប្រមាណ ៩,៣ពាន់លានដុល្លារអាម៉េរិក ឬកើនឡើងប្រមាណ ១៥,៥% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ក្នុងនោះ ការនាំចេញទៅអាម៉េរិក កើនឡើង ២៦,៧% ការនាំចេញទៅជប៉ុន កើនឡើង ២១,៨% ការនាំចេញទៅអឺរ៉ុប កើនឡើង ២១,៧% ការនាំចេញទៅអាស៊ាន កើនឡើង ១៩,១% ហើយការនាំចេញទៅចក្រភពអង់គ្លេស កើនឡើង ១១,៤%។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យដដែលរូបនេះ។


ជាមួយគ្នានេះ លោក ស៊ុន មេសា បានអបអរសាទរដល់បងប្អូនកម្មករ និងនិយោជករបស់យើងទាំងអស់ដែលបានរួមគ្នាយ៉ាងល្អជាមួយរាជរដ្ឋាភិបាល និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីសម្រេចកិច្ចការងារដ៏ប្រពៃសម្រាប់សង្គមជាតិ មាតុភូមិកម្ពុជា ហើយលោកកីបានអំពាវនាវឱ្យបងប្អូនកម្មករបន្តជឿជាក់លើក្រសួងការងារដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការសម្របសម្រួល និងឈរនៅជាមួយបងប្អូនគ្រប់ពេលវេលា ព្រមទាំងគិតគូរប្រយោជន៍ជូនបងប្អូនកម្មករ និងនិយោជកជានិច្ច៕



