ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា បានស្នើទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ជប៉ុន (JICA) បន្តផ្តល់ការគាំទ្រលើការងារអភិបាលកិច្ចមូលដ្ឋាន តាមរយៈការចុះតាមមូលដ្ឋាន ដើម្បីវាយតម្លៃជាក់ស្តែង។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក SANUI Kazumasa ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ជប៉ុន (JICA) នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហការ និងការផ្តល់ការគាំទ្ររបស់ JICA នាពេលកន្លងមក រួមមាន៖ វិស័យអភិបាលកិច្ចមូលដ្ឋានលើផ្នែកវិមជ្ឈការ និងវិសហមជ្ឈការ ការបណ្តុះបណ្តាលមន្ត្រី គម្រោងទីក្រុងឆ្លាតវៃខេត្តសៀមរាប ក្នុងគោលដៅផ្តល់សេវារដ្ឋបាលឱ្យកាន់តែកៀកជូនប្រជាជន និងការងារសុវត្ថិភាពចរាចរណ៍ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ។
លោក SANUI Kazumasa ក៏បានជម្រាបជូន លោកឧបនាយករដ្ឋមន្ត្រី ស សុខា អំពីសមិទ្ធផលនានារបស់គម្រោងទីក្រុងឆ្លាតវៃ ដំណាក់កាលទី១ ដែលបានបញ្ចប់កាលពីខែឧសភា ឆ្នាំ២០២៥ ថ្មីៗនេះ ហើយ JICA នឹងបន្តកិច្ចសហការជាមួយរដ្ឋបាលខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធនានាក្នុងដំណើរការគម្រោងទីក្រុងឆ្លាតវៃដំណាក់កាលទី២ ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨ ជាបន្តទៀត។

ក្នុងជំនួបនោះដែរ លោក SANUI Kazumasa ក៏បានលើកឡើងពីការផ្តល់ការគាំទ្ររបស់JICA ក្នុងការចូលរួមចំណែកក្នុងការងារជួយសង្គ្រោះជនរងគ្រោះពីអំពើជួញដូរមនុស្ស ដូចជាការផ្តល់យោបល់លើសេចក្តីណែនាំស្តីពីការកំណត់អត្តសញ្ញាណជនរងគ្រោះ ព្រមទាំងការផ្តល់ការគាំទ្រលើជំនួញបច្ចេកទេស 3Es របស់ JICA ចំពោះគម្រោងធ្វើឱ្យប្រសើរឡើងលើគម្រោងផ្លូវជាតិលេខ៥។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានថ្លែងអំណរគុណចំពោះការផ្តល់ការគាំទ្ររបស់ JICA លើគម្រោងទាំង៣ ខាងលើ និងបានស្នើសុំ JICA បន្តផ្តល់ការគាំទ្រលើការងារអភិបាលកិច្ចមូលដ្ឋាន តាមរយៈការចុះតាមមូលដ្ឋាន ដើម្បីវាយតម្លៃជាក់ស្តែង បន្តផ្តល់ការឧបត្ថម្ភគាំទ្រដល់គម្រោងទីក្រុងឆ្លាតវៃ បន្តចូលរួមសហការក្នុងការងារការពារជនរងគ្រោះពីអំពើជួញដូរមនុស្ស បន្តផ្តល់ការបណ្តុះបណ្តាលពលរដ្ឋតាមមូលដ្ឋាន និងសហការជាមួយស្ថាប័នមានសមត្ថកិច្ច ដើម្បីចូលរួមក្នុងការងារសុវត្ថិភាពចរាចរណ៍ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ហើយក្រសួងមហាផ្ទៃ ស្វាគមន៍ជានិច្ចចំពោះកិច្ចសហការនានារវាងក្រសួងមហាផ្ទៃ និង JICA.៕
