ព័ត៌មានជាតិ

កម្ពុជា-កូតឌីវ័រ ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី

ភ្នំពេញ៖​ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ​និងលោក Robert Beugré Mambé នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូតឌីវ័រ ឯកភាពគ្នា ក្នុងការបន្តពិនិត្យលទ្ធភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ​ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីជាផ្លែផ្កា និងឧត្តមប្រយោជន៍ សម្រាប់ប្រជាជននិងប្រទេសទាំងពីរ ។

ការឯកភាពរបស់ថ្នាក់ដឹកនាំខាងលើនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាទ្វេភាគី រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក Robert Beugré Mambé នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូតឌីវ័រ ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទលើកទី៣ របស់អង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ (UNOC3) នៅថ្ងៃទី០៨-១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង​ នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងជំនួបនេះ សម្ដេចធិបតី បានរំឭកអំពីវត្តមានរបស់លោកនាយករដ្ឋមន្ត្រី​ នៃសាធារណរដ្ឋកូតឌីវ័រ ដែលបានអញ្ជើញចូលរួមមហាសន្និបាត លើកទី៣៩ របស់សមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) នៅរាជធានីភ្នំពេញ កាលពីចុងឆ្នាំ២០១៩។

សម្ដេចធិបតី ក៏បានគូសបញ្ជាក់ថា ប្រទេសទាំងពីរ មានភាពប្រហាក់ប្រហែលគ្នាមួយចំនួន ជាពិសេសនៅក្នុងមូលដ្ឋានសេដ្ឋកិច្ច។ បន្ថែមលើនេះ សម្ដេចធិបតី ក៏បានអញ្ជើញនាយករដ្ឋមន្ត្រីកូតឌីវ័រ បំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងពេលវេលាសមស្របណាមួយ និងពិនិត្យលទ្ធភាព ចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី​ លើកទី២០ នៅឆ្នាំ២០២៦ ខាងមុខនេះ នៅខេត្តសៀមរាប ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ។

ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋកូតឌីវ័រ បានកោតសរសើរភាពជាអ្នកដឹកនាំ ប្រកបដោយសមត្ថភាព របស់សម្ដេចធិបតី ដែលបន្តរក្សាបាននូវសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។

ជាមួយគ្នានោះ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា នឹងមានឱកាសបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅឆ្នាំ២០២៦ ដែលនឹងជាកាលានុវត្តភាព នៃការបន្តកិច្ចពិភាក្សាទ្វេភាគី សំដៅពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរថែមទៀត។

នាយករដ្ឋមន្ត្រីទាំងពីរ បានបន្តពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នា នៅលើកិច្ចសហប្រតិបត្តិការ សក្ដានុពលមួយចំនួន ជាពិសេសលើវិស័យឧស្សាហកម្ម និងកសិកម្ម។

លោកនាយករដ្ឋមន្ត្រីកូតឌីវ័រ បានសន្យាថា នឹងចាត់រដ្ឋមន្ត្រីឧស្សាហកម្ម ទៅធ្វើទស្សនកិច្ចការងារនៅកម្ពុជា ដើម្បីពិនិត្យ និងសិក្សាលទ្ធភាពពង្រីកការផ្សារភ្ជាប់ កិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍមូលដ្ឋានផលិតកម្ម ជាមួយប្រទេសកម្ពុជា។

នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានឯកភាពក្នុងការបន្តពិនិត្យលទ្ធភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីជាផ្លែផ្កា និងឧត្តមប្រយោជន៍ សម្រាប់ប្រជាជន និងប្រទេសទាំងពីរ៕

To Top